ទីបំផុត​! ទេព បូព្រឹក្ស ប្ដឹងទារ១០ម៉ឺនដុល្លារ យកទៅជួយកុមារកំព្រា និងធ្វើមនុស្សធម៌

26-12-2018 3:49pm

ភ្នំពេញៈ ទីបំផុត កញ្ញា ទេព បូព្រឹក្ស អតីតតារាចម្រៀងផលិតកម្មហង្សមាស បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ទឹកល្អក់១ ទារសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ពីបុរសជនបង្ក រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង មិនបានគិតពីសុវត្ថិភាពរបស់នាង បណ្តោយឲ្យជនសង្ស័យជះស្រាមកលើនាង។

តាមការបញ្ជាក់របស់កញ្ញា បូព្រឹក្ស ផ្ទាល់ថា គឺនាងទាមទារ​សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារនេះ នាងនឹងយកទៅឧបត្ថម្ភកុមារកំព្រា និងមនុស្សធម៌ ។

គួររំលឹកផងដែរថា កាលពីយប់មិញ ពោលគឺថ្ងៃបុណ្យណូអែល កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើ​រូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក ធ្វើឲ្យបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ “សមុទ្រ​” នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

កញ្ញាបាននិយាយថា មុនពេលកើតហេតុ​ កញ្ញាត្រូវច្រៀង និងសម្ដែងនៅក្នុងកម្មវិធី​ Hite X'mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន "សមុទ្រ"​ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើ​យកញ្ញាមកដល់កន្លែងនេះ ត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះមុនពេលកើ​តហេតុបន្តិច កញ្ញាមកដល់ពេលម៉ោង​៩និង៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀង គឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តង ខណៈកំពុងច្រៀងលើឆាក។

ទើបធ្វើ​អោយ​កញ្ញា​ ទេព​ បូព្រឹក្ស​ កើ​តទុក្ខមិនសុខចិត្ត ធ្វើការ Live វិដេអូផ្ទាល់ ចេញពី​គណនេយ្យ​ផេក​ហ្វេសប៊ុក​របស់កញ្ញា​ រហូតមហាជន​អ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​របស់កញ្ញាបន្តបន្ទាប់គ្នា​ បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានខាងលើ​​ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​។

នៅក្នុងវិដេអូ Live នោះដែរ​ គេឮសំឡេ​ងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើ​ម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្រាបៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ​ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗ ស្រាប់តែមានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាសគេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមាក់ងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

ភ្លាមៗនោះគេឃើ​ញ លោក ដេវីត ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះ ដោយមានការភ្ញាក់ផ្អើ​លដល់​ក្រុមអ្នកយកព័ត៌មានស្ទើរគ្រប់ស្ថាប័ន​ និងសមត្ថកិច្ចចុះទៅកន្លែងកើ​តហេតុផងដែរ។

លោក ជី ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រេប (Rap) ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាមួយជនបង្កនោះទេ ហើយលោក ជី​ ដេវីត បានស្នើសុំឲ្យសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។

ចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីជនបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ។ បន្ទាប់មកកញ្ញា ទេព បូព្រឹក ត្រូវបានលោក ជី ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕