សម្ដេចតេជោ ៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានជាង២៥ពាន់លានដុល្លារ

26-12-2018 11:45am

ភ្នំពេញៈ នៅចំពោះមុខកម្មករ-កម្មរិនីជាង១ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងពីមោទកភាព ចំពោះទំហំពាណិជ្ជកម្មរបស់កម្ពុជា កើនឡើង ដោយសព្វថ្ងៃមានជាង២៥ពាន់លានដុល្លារ ក្នុងពេលទំហំពាណិជ្ជកម្មនាំចេញមានជាង១២ពាន់លានដុល្លារ និងនាំចូលជាង១៣ពាន់លានដុល្លារ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មរិនីជាង១ម៉ឺននាក់ នៅខេត្តកណ្តាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោ បានថ្លែងថា កម្ពុជា មានច្រកនាំចេញនាំចូលច្រើន ដែលបង្កើននូវទំហំពាណិជ្ជកម្ម ដោយនៅភាគខាងកើតជាមួយប្រទេសវៀតណាម ប្រមាណជា៥ពាន់លានដុល្លារ ជាមួយថៃ ប្រមាណជា៦ពាន់លានដុល្លារ។

សម្ដេចថា បញ្ហាទាំងនេះ មិនទាន់គិតអំពីទំនិញផ្លាស់ប្ដូរជាមួយប្រទេសដទៃ នៅក្រៅក្របខ័ណ្ឌនៅឡើយទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា “ទំហំពាណិជ្ជកម្មរបស់កម្ពុជា នៅពេលនេះ គឺមានជាង២៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ប្រមាណជិត១២ពាន់លានដុល្លារ និងទំហំនៃការចូលជាង១៣ពាន់លាន”

ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីពន្យល់ថា ហេតុអ្វីបានជាកម្ពុជានាំចូលច្រើន ហើយនាំចេញទៅវិញតិច? ដោយសារតែកម្ពុជា ប្រើប្រាស់ទំនិញនាំចូលជាវត្ថុធាតុដើម ដើម្បីមកផលិតនៅកម្ពុជា រួចកម្ពុជា នាំចេញទៅវិញ។

ដោយឡែក ចំពោះវិស័យទេសចរណ៍វិញ សម្ដេចតេជោ លើកឡើងទៀតថា ទេសចរកម្ពុជា ទៅលេងក្រៅប្រទេសប្រមាណជា១លាននាក់ប៉ុណ្ណោះ ហើយទេសចរអន្ដរជាតិ មកលេងកម្ពុជាវិញ មានប្រមាណជា៦លាននាក់។

សម្ដេចថា ”ឯទេសចរណ៍ក្នុងស្រុកវិញ បូកសរុបក្នុងមួយឆ្នាំៗ មិនតិចជាង១០លាននាក់ទេ ដែលធ្វើដំណើរលេងនៅក្នុងប្រទេស ហើយកុំមើលស្រាលឲ្យសោះ នៃការចំណូលដែលបានមកពីទេសចណ៍ក្នុងស្រុក”

យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជកម្ម នៅក្នុងឆ្នាំ២០១៨នេះ កម្ពុជា បានធ្វើពាណិជ្ជកម្មជាមួយប្រទេសចំនួន១៤៧ លើពិភពលោក ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង២៤,៩៨៥លានដុល្លារ គឺបានកើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម២៣,៧៩៦លានដុល្លារ៕