(ខ្សឹប) ខ្លាំងដូចគេថា! ឧកញ៉ា ទៀ វិចិត្រ មានអំណាចខ្លាំងលើដែនសមុទ្រ ខាងនាំចូលប្រេងសាំងគេចពន្ធ គ្មានសមត្ថកិច្ចណាហ៊ានប៉ះ!!

24-12-2018 12:06pm

(ខ្សឹប) ជារឿយៗនាយ "ក្តាមប្រៃ" តែងតែឮឈ្មោះ និងឃើញរូបថតសកម្មភាពផ្សេងៗ របស់លោកឧកញ៉ាម្នាក់ មានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកស្អីគេនោះ បង្ហាញពីអំនួតនៃទ្រព្យធនដ៏សម្បូរបែប ភ្ជាប់ជាមួយនូវពាក្យពេជ្រលើផេករបស់ខ្លួន ព្រមទាំងសកម្មភាពនៃការធ្វើទានជាដើម ដែលទង្វើនេះ នាយយើងនឹកស្មានថា លោកឧកញ៉ារូបនេះ ធ្វើជុំនួញរកស៊ីមានលុយកាក់ត្រឹមត្រូវហើយមើលទៅ តែពេលនាយ "ក្តាមប្រៃ" បានដឹងពីការមានលុយកាក់ហូរហ៊ារ ក្លាយជាសេដ្ឋីវ័យក្មេងនេះ ត្រូវបាន​ប្រភពពីក្រុមមន្ត្រី​គយ​មួយចំនួន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង នោះបានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យ​ដឹងថា ឧកញ៉ា ទៀ វិចិត្រ ដែលមាន​ខ្នងបង្អែក​រឹងមាំ​ កំពុង​សម្រុក​នាំចូល​ប្រេងសាំង​គេចពន្ធ​មក​លក់​ចែកចាយ​ក្នុង​ខេត្ត​ព្រះសីហនុ កាន់តែ​ច្រើនឡើងៗ​ ដោយគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ។

ប្រភព​ខាងលើ បានខ្សឹបឲ្យនាយ "ក្តាមប្រៃ" ​បាន​ដឹង​ទៀតថា​ លោកឧកញ៉ា ទៀ វិចិត្រ គឺជា​កូនប្រុស​របស់លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​ក្មួយប្រុសបង្កើត​របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ ដូច្នេះហើយ ​ទើប​គ្មាន​សមត្ថកិច្ច​នៃស្ថាប័នណាមួយហ៊ាន​ប៉ះពាល់​ដល់ជំនួញប្រេងគេចពន្ធលើផ្ទៃសមុទ្ររបស់លោកឧកញ៉ា ទៀ វិចិត្រ ឡើយ​។ ផ្ទុយទៅវិញ​ មានតែ​មន្ត្រី​ជំនាញ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន សុខចិត្តទទួលយកផលប្រយោជន៍​យ៉ាង​ត្រជាក់មេជើងពីលោកឧកញ៉ាវ័យក្មេងរូបនេះ​ ព្រោះតែមិនហ៊ានបង្ក្រាបលើទំនិញខុសច្បាប់ ដែលមានឈ្មោះរបស់លោកឧកញ៉ា ទៀ វិចិត្រ។

បើតាម​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន ​បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ឧកញ៉ា ទៀ វិចិត្រ នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​កំពង់ផែ៣​កន្លែង ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ច្រកផែ​ទំនប់រលក និង​ច្រក​កំពង់ផែផ្សេងៗទៀត​។ ហើយរាល់ប្រេងសាំងទាំងនោះ មន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នសុទ្ធតែបានដឹងថា ជាទំនិញគេចពន្ធរបស់លោកឧកញ៉ារូបនេះដែរ តែមិនបង្ក្រាបទេ ព្រោះមិនហ៊ានប៉ះពាល់ ហើយការបង្ក្រាបក៏គ្មានប្រសិទ្ធិភាពដែរ។ អ៊ីចឹងហើយ មានតែជួយការពារបន្ថែម ហើយពួកគេទទួលយកផលប្រយ៉ោជន៍ចូលហោប៉ៅជាការស្រេច(sic)។ ហើយសកម្មភាពបែបនេះ ទើបធ្វើឲ្យលោក​ឧកញ៉ា ទៀ វិចិត្រ មិន​ញញើត​ក្នុងការ​នាំចូល​ប្រេងសាំង​គេចពន្ធតាម​អំពើ​ចិត្ត​។ ​សូម្បីតែ​មន្ត្រី​គយ​លើ​ផ្ទៃសមុទ្រ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​ផ្ទៃសមុទ្រ ក៏ត្រូវ​មានការ​យោគយល់​ដល់​ការនាំចូលប្រេងគេចពន្ធរបស់ឧកញ៉ារូបនេះផងដែរ​។

ដោយឡែក ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ទៀ វិចិត្រ ក៏បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យ​ដឹងផងដែរថា ឧកញ៉ា ទៀ វិចិត្រ ព្រមទាំង​ក្មួយប្រុស​ឈ្មោះ ឌី កំពុង​សម្រុក​នាំ​ប្រេងសាំង​គេចពន្ធ​ និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ ​ចូល​តាម​ច្រក​ទំនប់រលក និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​រលូន​ ដែលធ្វើឲ្យបាត់បង់ពន្ធអាករចូលរដ្ឋ ក្នុងមួយខែៗរាប់សិបលានដុល្លារឯណោះ។ ជាមួយគ្នានេះ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ឮថា ទំនិញរបស់ឧកញ៉ា ទៀ វិចិត្រ គឺ​ពួកគេ​មិន​ហ៊ាន​ក្អក​ជាមួយ​ឡើយ ​ព្រោះ​ឧកញ៉ាម្នាក់នេះ ​មាន​ឪពុក​ឈ្មោះ ទៀ វិញ ជា​មេបញ្ជាការ​កងទ័ពជើងទឹក ហើយ​មាន​បងប្រុស​ឈ្មោះ ទៀ សុខា ជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹកផងដែរ​។ លើស​នេះ​ទៅទៀត ​ឧកញ៉ា ទៀ វិចិត្រ ដែលមានខ្នងបង្អែក​រឹងមាំ​បែបនេះ ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ ​និងសមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ញាក់សាច់​ ញាក់​ឆ្អឹងខ្នង​ គ្រប់ៗ​គ្នា​។

បើតាមមន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុវិញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បានខ្សឹប​ឲ្យនាយ "ក្តាមប្រៃ" ដឹងដែរថា ជា​រៀងរាល់ថ្ងៃ​យប់​ លោកឧកញ៉ា ទៀ វិចិត្រ និងឈ្មោះ ឌី បាន​បញ្ជា​ឲ្យ​មនុស្ស​របស់ខ្លួន​ដឹកជញ្ជូន​ប្រេងសាំង​ចេញពី​ឃ្លាំង​ ដែលមាន​ជញ្ជាំង​ផ្ទាល់ខ្លួន និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់ខ្លួន​មួយកន្លែង នៅ​ជិត​ផ្លូវ​ចូលទៅ​កោះ​ព្រាប ចំណុច​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ទៅចែកចាយតាមស្ថានីយ៍ផ្សេងៗទូទាំងខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត រហូតដល់រាជធានីភ្នំពេញផងដែរ។

ប្រភពដដែលនេះ បានខ្សឹបឲ្យដឹងបន្ថែមទៀតថា ឃ្លាំង​ស្តុក​ប្រេងសាំង​របស់​ឧកញ៉ា ទៀ វិចិត្រ គឺមាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ​ពី​ស្នាក់ការ​គយ​ទំនប់រលក ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​គយ​ ឬ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ណា ​ហ៊ាន​ប៉ះពាល់​រាល់ទំនិញលោកឧកញ៉ា ទៀ វិចិត្រ នោះទេ​ ព្រោះ​គេ​បានដឹង​ច្បាស់​ពី​ឥទ្ធិពល​ខ្លាំងក្លា​របស់​ឈ្មួញ​រូបនេះ​រួចទៅហើយ​។

ពាក់ព័ន្ធរាល់ប្រភពរបស់មន្ត្រី ក៏ដូចមនុស្សស្និតនឹងលោកឧកញ៉ារូបនេះ ដែលបានខ្សឹបមកប្រាប់នាយ "ក្ដាមប្រៃ" ឲ្យបានដឹងនេះ នាយយើងមិនបញ្ចេញមតិ ឬទស្សនៈ ឬយោបល់ផ្ទាល់ខ្លួននោះទេ។ ដោយទុកនាទីនេះ ជូនថ្នាក់ដឹកនាំ ក៏ដូចមហាជន ជាអ្នកវិនិច្ឆ័យទៅចុះ ដោយនាយ ក្តាមប្រៃ បានត្រឹមតែខ្សឹបប្រាប់ជាដំណឹងខ្លះៗប៉ុណ្ណោះ៕