បន្លែផ្លែឈើ និងគ្រឿងសមុទ្រ២៨មុខ ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាក សង្ស័យផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព

22-12-2018 9:53am

កំពតៈ ខណៈថ្ងៃបុណ្យចូលឆ្នាំសាកលខិតជិតមកដល់ ទំនិញនាំចូលនៅតាមច្រកព្រំដែន ហាក់កើនឡើងជាងសព្វមួយដង​ ដោយតម្រូវការទីផ្សារកើនឡើង ពិសេសទំនិញចំណីអាហារ ហើយដើម្បីរក្សាបាននូវសុវត្ថិភាព គុណភាព មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក បានសហការជាមួយ រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យ និងធ្វើតេស្ត បន្លែ ផ្លៃឈើ និងគ្រឿងសមុទ្រចំនួន២៨មុខ ដែលសង្ស័យថា មានផ្ទុកសារធាតុគីមីប៉ះពាល់សុខភាព។

ស្របពេលដែលប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម ត្រូវបានបើកទូលាយ ការដោះដូរទំនិញរវាងប្រទេសនិងប្រទេស ត្រូវដំណើរការយ៉ាងសកម្ម ដើម្បីបំពេញតម្រូវការទីផ្សារ។ ជាក់ស្តែងនៅតាមច្រកទ្វាអន្តរជាតិ ព្រែកចាកទំនិញ ត្រូវបាននាំចូលយ៉ាងសកម្ម ព្រោះថ្ងៃបុណ្យចូលឆ្នាំសាកលខិតជិតមកដល់ធ្វើឲ្យតម្រូវការទីផ្សារគ្រឿងឧបភោគបរិភោគកើនឡើង ហើយដើម្បីចូលរួមចំណែកទប់ស្កាត់ការនាំចូលទំនិញគ្មានគុណភាព មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក បានរិតបន្ដឹង និងបង្កើការងារត្រួតពិនិត្យ ការនាំចូលទំនិញ ពិសេសទំនិញទាក់ទងនឹងចំណីអាហារ ទំនិញណាសង្ស័យត្រូវតែធ្វើការពិនិត្យបន្ទាន់។

ប្រធានប៉ុស្តិ៍កាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក លោក អ៊ុង សូរិយា បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក បានសហការជាមួយ រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យនៅប៉ុស្តិ៍ព្រែកចាក ដើម្បីពិនិត្យ ស្រាវជ្រាវ រកទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងនោះមន្រ្តីជំនាញដាក់ការសង្ស័យលើទំនិញចំណីអាហារសរុបចំនួន ក្នុងនោះ រួមមាន បន្លែ១៣មុខ ផ្លែឈើ១១មុខ និងគ្រឿងសមុទ្រស្រស់ចំនួន០៤មុខ ថា មានហានិភ័យខ្ពស់អាចផ្ទុកនូវសារធាតុគីមីហាមឃាត់ ធ្វើប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សំណាងល្អ ក្រោយការធ្វើតេស្ត ពិនិត្យរួច លទ្ធផលវិភាគបានបង្ហាញថា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ទាំងនេះ គ្មានសារធាតុគីមីហាមឃាត់ទេ (លើកលែងតែ ម្ទេសចំនួន២គីឡូក្រាម ដែលមានសំណល់ថ្នាំសម្លាប់​សត្វល្អិតខ្ពស់បន្តិច)។

យ៉ាងណាក៏ដោយ លោកប្រធានប៉ុ​ស្តិ៍កាំកុងត្រូល បានស្នើឲ្យអាជីវករ ឈ្នួញ និងអ្នកពាក់ព័ន្ធត្រូវ សហការនិងស្វែងយល់ អំពីទំនិញគ្មានគុណភាព ពិសេសទំនិញចំណីអាហារឲ្យបានច្បាស់ ហើយបើមានការសង្ស័យសូមរាយការណ៍ ឬស្នើឲ្យមន្ត្រីកាំកុងត្រូលចុះទៅពិនិត្យ ព្រោះដើម្បីការពារ ការខាតបង់របស់ខ្លួនផង និងសុខភាពអ្នកបរិភោគផង។ លោកក៏បាន អំពាវនាវ ដល់អ្នកទិញទំនិញចំណីអាហារទៅទទួលទានផងដែរថា  សូមមានការប្រុងប្រយ័ត្នខ្ពស់ មុនទិញត្រូវមើល ប្រភេទក្រុមហ៊ុន កាលបរិច្ឆេទ​ផុតកំណត់ សណ្ឋាន និងទ្រុងទ្រាយវេ​ចខ្ចប់ទំនិញ(កំពិតកំប៉ុង ឬប្រអប់ មានច្រេស ឬស្នឹម សូមកុំទទួលទាន)  ហើយលោកក៏បានបញ្ជាក់ថា ជាការល្អ គួររកមើលផលិតផលក្រុងស្រុកប្រសើរជាង ព្រោះក្រុមហ៊ុនក្នុងស្រុកមានការពិនិត្យតាម បទដ្ឋាន និងស្តងដ្ឋាបានល្អប្រសើរជាង៕