នាយករដ្ឋមន្ត្រី ៖ កម្ពុជា កំពុងប្រឈមព័ត៌មានក្លែងក្លាយ បង្កឡើងដោយក្រុមប្រឆាំង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

21-12-2018 10:57am

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបាននឹងកំពុងប្រឈមយ៉ាងក្ដៅគគុកទៅនឹងព័ត៌មានក្លែងក្លាយ បង្កឡើងដោយក្រុមអ្នកនយោបាយបក្សប្រឆាំង និងពួកឱកាសនិយម ក្នុងគោលដៅប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌បំផ្លាញការរស់ឡើងវិញរបស់កម្ពុជា។

ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា តាមបណ្ដាញទំនាក់ទំនងសង្គមដែលប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្ន បានធ្វើឲ្យពិភពលោកមានភាពចលាចល ច្របូកច្របល់ និងកំពុងជួបប្រទះបញ្ហាអសន្ដិសុខដ៏គួរឲ្យព្រួយបារម្ភ។

សម្ដេចតេជោ មានប្រសាសន៍ថា “កម្ពុជា បាននឹងកំពុងប្រឈមយ៉ាងក្ដៅគគុកទៅនឹងការប្រើប្រាស់មានក្លែងក្លាយបំពុលបរិយាកាសសង្គម បង្កឡើងដោយក្រុមអ្នកនយោបាយបក្សប្រឆាំង និងពួកឱកាសនិយម ក្នុងគោលដៅប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌បំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយអូសទាញប្រទេសឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេដែលមានបរទេសនៅពីក្រោយខ្នង”។

ឆ្លៀតឱកាសនេះដែរ សម្ដេចតេជោ កោតសរសើរអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំ ដែលបានខិតខំពុះពារ រាល់ការលំបាកបំពេញការងាររបស់ខ្លួនយ៉ាងសកម្មប្រកបដោយភាពស្មោះត្រង់តាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនពលរដ្ឋបានដឹង និងស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា និងការប្រែប្រួលស្ថានការណ៍នយោបាយនៅលើសកលលោក ដែលទាមទារឲ្យអ្នកសារព័ត៌មានធ្វើការឆ្លើយតបបានទាន់ពេលវេលា ដើម្បីបំពេញសេចក្ដីត្រូវការចង់ដឹង ចង់ស្វែងយល់អំពីសភាពការណ៍ វិវត្តន៍របស់សកលលោក ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀតទាក់ទងនឹងជីវភាពរបស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរអ្នកសារព័ត៌មាន បានធ្វើការបកស្រាយពន្យល់ឆ្លើយតបនឹងការប្រើប្រាស់ព័ត៌មានមានក្លែងក្លាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ជូនជនរួមជាតិ និងអន្ដរជាតិ បានជ្រួតជ្រាបអំពីសភាពការណ៍ពិតនៅកម្ពុជា ព្រមទាំងទប់ស្កាត់បានទាន់ពេលវេលានូវរាល់ឧបាយកលដ៏ពិសពុលរបស់ពួកគេ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតំឡើងសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញកម្ពុជា និងច្បាប់ ស្ដីពីរបបសារព័ត៌មាន និងបានផ្ដល់អទិភាពជាចម្បងក្នុងកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ទាំងក្នុងដំណាក់កាលទី៣ និងដំណាក់កាលទី៤។

សម្តេចតេជោ ក៏អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ កំពុងបំពេញបេសកម្មលើវិស័យព័ត៌មាននៅកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីសធម៌វិជ្ជាជីវៈ សារព័ត៌មាន គោរច្បាប់រដ្ឋ និងជៀសវាងនូការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានតែមួយជ្រុង ឬដោយសារតែគំនុំដោយពុំគិតអំពីក្បូនខ្នាតក្រឹត្យក្រមនៃសារព័ត៌មាន ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឲ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឲ្យធ្លាក់ក្នុងភាពវឹកវរ អសន្ដិសុខ ឬបង្កឲ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឲ្យអន្តរាយដល់ជាតិ ដែលជាអំពើខុសខុសច្បាប់មិនអត់អោនឲ្យជាដាច់ខាត៕