ផលនេសាទសមុទ្រខេត្តកែប កើនឡើងជាងមួយរយតោន ក្នុងឆ្នាំ២០១៨

20-12-2018 8:04am

កែបៈ កែបជាខេត្តទេសចរណ៍កម្រិតខ្ពស់ របស់កម្ពុជា ដែលមានឈ្មោះល្បីល្បាញ ទទួលបានពានរង្វាន់ជាច្រើន ទាំងក្នុងគ្របខ័ណ្ឌជាតិ និងអាស៊ាន ហើយខេត្តតារារះ​ទិសនារតីមួយនេះ ក៏មានធនធានសមុទ្រសម្បូរ​បែបផងដែរ។ បើតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលខេត្ត  ឆ្នាំ២០១៨នេះ ផលនេសាទសមុទ្រមិនមានការថយចុះទេ គឺកើនឡើងជាងមួយរយតោនឯនោះបើធៀបនឹងឆ្នាំ២០១៧។

ផលនេសាទសមុទ្រខេត្តកែបមានច្រើនប្រភេទ ដូចជាត្រី មឹក ក្តាម បង្គារ បបែប ខ្យង ជាដើម ហើយផលនេសាទទាំងនោះត្រូវបានដាក់លក់នៅលើទីផ្សារក្នុងខេត្ត និងចែកចាយទៅបណ្តាខេត្តផ្សេងៗ ជារៀងរាល់ថ្ងៃដើម្បីជួយផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជា។ បើទោះជាការលក់ចេញ និងចែកចាយធ្វើជាប់ជាប្រចាំ ក៏ពិតមែន  ខេត្តមួយនេះ នៅតែមានកំណើនផលនេសាទសមុទ្រ។

នាយខ័ណ្ឌរដ្ឋបាលជល្លផលខេត្តកែប លោក ជុគ វីរៈ បានប្រាប់ឲ្យដឹងថា តាមរបាយការណ៍ប្រចាំឆ្នាំ២០១៨នេះ ការប្រមូលផលនេសាទសមុទ្រ បានចំនួន ៥.១០០តោន ច្រើនជាងមួយរយតោនធៀបនឹងឆ្នាំ២០១៧ ក្នុងនោះផលនេសាទក្តាមសេះ មានចំនួន៧៥០តោន កើនឡើង១៥% ។

លោកនាយខណ្ឌ បានបញ្ជាក់អំពីមូលហេតុនៃការកើនឡើងថា ដោយសារទី១. ការចូលរួមពីប្រជានេសាទ ដូចជាមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ចូលរួមការពារតំបន់អភិរក្ស និងស្តាប់តាមការណែនាំរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ។ ទី២. ការចូលរួមពីអាជ្ញាធរ និងមន្ត្រីមន្ទីរពាក់ព័ន្ធ ដូចជាការចូលរួមផ្សព្វផ្សាយ ច្បាប់ស្តីអំពីបទល្មើសនេសាទ ការផ្សព្វផ្សាយអំពីការការពារធនធានធម្មជាតិសមុត្រ ការចូលរួមអភិរក្សនិងដាំព្រៃកោងកាង ជាដើម។ ទី៣ដោយសារកិច្ចខិតខំរបស់មន្ត្រីរដ្ឋបាលជល្លផលផ្ទាល់ ក្នុងចុះណែនាំ និងទប់ស្កាត់បាននូវបទល្មើសនេសាទគ្រប់ប្រភេទ  បានពន្យល់ណែនាំប្រជានេសាទឲ្យមានការយល់ដឹងកាន់តែប្រសើរ  ហើយខេត្តមានតំបន់អភិរក្សជល្លផល ពិសេសបានបង្កើតតំបន់គ្រប់គ្រង់ជល្លផលសមុទ្រខេត្តកែប ដែលក្រសួងទើបបានចេញសេចក្តីប្រកាសក្នុងឆ្នាំ២០១៨នេះ គឺមានទំហំជាងមួយម៉ឹនហិកតា។ លោកនាយខណ្ឌរដ្ឋបាលជល្លផលស្នើសុំឲ្យមានការចូលរួមសហការល្អជាមួយគ្នាបន្តទៀត ដើម្បីការពារផលនេសាទសមុទ្រកុំធ្លាក់ចុះ។

យ៉ាងណាក៏ដោយប្រជានេសាទម្នាក់បានត្អូញត្អែថា ឆ្នាំនេះ ប្រាក់ចំណូចបានពីការនេសាទរបស់លោកតិចជាងឆ្នាំមុន ព្រោះនេសាទមិនសូវបាន ដោយសារចំនួនអ្នកនេសាទកើនឡើង ហើយម្យ៉ាងទៀតឆ្នាំនេះតម្លៃក្តាមធ្លាក់ចុះទាបជាងឆ្នាំមុនផងដែរ។

ប្រជានេសាទរូបនោះបានស្នើឲ្យមន្ត្រីជំនាញ និងពាក់ព័ន្ធ ជួយស្វែងទីផ្សារ ដើម្បីឲ្យប្រាក់ចំណូលពីការនេសាទរបស់លោក អាចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រូសារ និងសេសសល់បានបន្តិបន្តួច៕