សហភាពអឺរ៉ុប កំពុងរៀបចំផ្ដល់ជំនួយ ប្រមាណ១១៥លានអឺរ៉ូ ដល់កម្ពុជា

19-12-2018 9:23am

ភ្នំពេញៈ លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឡើងថា សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ជំនួយនូវថវិកា១១៥លានអឺរ៉ូ ដល់កម្ពុជា ដើម្បីអនុវត្តនូវកម្មវិធីចំនួន៣។

ការលើកឡើងរបស់លោក ចច អេដហ្គា បែបនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សា អំពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា លោក ចច អេដហ្គា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃការអនុវត្តន៍គម្រោងនានា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជាមួយសហភាពអឺរ៉ុប។ ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ, សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណង សរុបចំនួន១១៥លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន៣ រួមមាន ១.កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន២២លានអឺរ៉ូបន្ថែម; ២.កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូនឹងទី៣.កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ចំនួន៦លានអឺរ៉ូទៀត។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការគាំទ្រជាគោលការណ៍ចំពោះសំណើកម្មវិធីទាំង៣នេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការរៀបចំជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀងឲ្យទាន់ ដើមឆ្នាំ២០១៩នេះ៕