ព័ត៌មានរស៊ើប ៖ រុស្ស៊ី ប្រើប្រាស់សង្គមព័ត៌មាន ជ្រៀតជ្រែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦

18-12-2018 11:55am

រុស្ស៊ីៈ របាយការណ៍ផ្តល់ជូនដោយក្រុមអ្នកជំនាញឯកជន ដែលត្រូវបានចេញផ្សាយឲ្យដឹងកាលពីថ្ងៃចន្ទ ដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សទាំង២ បានទម្លាយឲ្យដឹងថា ការជ្រៀតជ្រែករបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០១៦ តាមព័ត៌មានសង្គម មានលក្ខណៈជាសកលជាងការគិតទុកពីមុនទៅទៀត ហើយក្នុងនោះ រួមទាំងការប៉ុនប៉ងធ្វើឲ្យមានការបែងចែកជាតិសាសន៍ និងមនោគមន៍វិជ្ជាជ្រុលនិយមទៀតផង។

របាយការណ៍ ចេញដោយក្រុមអ្នកវិភាគសង្គមព័ត៌មាន New Knowledge និងក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Oxford ដែលធ្វើការងារជាមួយក្រុមហ៊ុនវិភាគ Graphika បានឲ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណេតរបស់រដ្ឋាភិបាលរុស្ស៊ី ដែលមានមូលដ្ឋាននៅទីក្រុងសាំង ភីធឺស្ប៊ើក ប្រទេសរុស្ស៊ី បានព្យាយាមប្រើប្រាស់ក្រុមអ្នកនយោបាយសហរដ្ឋអាមេរិក។

របាយការណ៍ទាំង២នេះ បានធ្វើការផ្ទៀងផ្ទាត់ភាគច្រើន លើការរកឃើញកាលពីដំបូងគេដោយក្រុមទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក ប៉ុន្តែពួកគេផ្តល់រឿងរ៉ាវលម្អិតយ៉ាងច្រើន ស្តីពីសកម្មភាពរបស់រុស្ស៊ី តាំងពីរយៈពេលជាច្រើនឆ្នាំមកហើយ ដែលបន្តសូម្បីតែរហូតមកដល់បច្ចុប្បន្ននេះ។

របាយការណ៍របស់ New Knowledge បានអះអាងថា ជាឧទាហរណ៍ អ្នកជំនាញអ៊ីនធឺណេតរុស្ស៊ី មួយក្រុម បានព្យាយាមជំរុញឲ្យមាន “ចលនាអបគមន៍” របស់សហរដ្ឋអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋតិចហ្សាស់ ជាដើម៕