មានចឹងទៀត! លក់​សាច់ជូរបន្លំជាថ្នាំញៀន​បោកគេ ប៉ូលិស​ខណ្ឌមានជ័យឃាត់ខ្លួន

18-12-2018 7:24am

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យ ដើរចេញពីតំបន់​អនាធិបតេយ្យ​(វាលខ្សាច់​) ដោយមានការសង្ស័យ​ កម្លាំងល្បាតបានសុំ​ធ្វើ​ការ​ឆែកឆេរ​ ដោយរកឃើ​ញគ្រឿងញៀនចំនួន ៤៥កញ្ចប់តូច និង១កញ្ចប់ធំ​ នៅក្នុងការបូបស្ពាយ ទើ​បសមត្ថកិច្ចធ្វើ​ការឃាត់ខ្លួន រួចបញ្ជូនទៅ​ស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ ​ដើ​ម្បីធ្វើការសាកសួរ។

ការឃាត់ខ្លួននេះ ធ្វើ​ឡើងនៅវេលា​ម៉ោង​១១៖១០នាទីយប់ថ្ងៃចន្ទ​ ​ទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតំបន់អនា​ធិបតេយ្យ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សឹម ប៊ុនធឿន​ នាយរងផ្នែក​អន្តរាគមន៍​ នៃអធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ដឹងថា មុនពេលកើតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​ សហការជាមួយនឹងកម្លាំងល្បាតអធិការនគរបាលខណ្ឌមានជ័យ បានចេញល្បាត​ពួនស្ទាក់​ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើស នៅតាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋាន លុះមកដល់​ចំណុចជិតសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក៏បានប្រទះឃើញស្ត្រីខាងលើ ដើរចេញពីតំបន់​អនា​ធិបតេយ្យ​(វាលខ្សាច់​) ដោយមានការសង្ស័យ​ កម្លាំងល្បាតបានសុំ​ធ្វើការត្រួតពិនិត្យ ឆែកឆេរ ដោយរកឃើញក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៤៥កញ្ចប់ថង់តូច ​និង១កញ្ចប់ធំ នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ ទើប​​កម្លាំងសមត្ថកិច្ចក៏​បានឃាត់ខ្លួន យកមកសាកសួរនៅស្នាក់ការនគរ​បាលប៉ុស្តិ៍ចាក់អង្រែលើ​។

​លោក អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ​ បានប្រាប់ឲ្យដឹង​ថា ជនសង្ស័យឈ្មោះ ស៊ីណា ភេទស្រី អាយុ២៦ឆ្នាំ​ មុខរបរលក់ថ្នាំញៀន​ ស្នាក់នៅក្រោយសង្កាត់ចាក់អង្រែលើ​ និងវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន៤៥កញ្ចប់ថង់តូច និង១កញ្ចប់ធំ​ ដោយពិនិត្យជាក់ស្តែង ក្រាមក្នុងថង់ទាំង៤៥កញ្ចប់នោះជាសាច់ជូរ បុកឲ្យម៉ត់ហើយច្រកថង់ទេ មិនមែនជាថ្នាំញៀនឡើយ។

ស្រ្តីអនាថាសង្ស័យសតិមិនគ្រប់ ក្រោយពីឃាត់ខ្លួន ទោះជាគ្មានថ្នាំញៀនពិតប្រាកដមែនក៏ដោយកុំឲ្យស៊យ សមត្ថកិច្ចខណ្ឌមានជ័យ រួមជាមួយប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕