មន្រ្តីជាន់ខ្ពស់​ក្រសួងសាធារណការ ថា កំណើនយានយន្តដឹកជញ្ជូន គឺបង្កឲ្យកកស្ទះចរាចរណ៍

17-12-2018 12:06pm

ភ្នំពេញៈ បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញរាល់ថ្ងៃ កាន់តែស្មុគស្មាញឡើង ធ្វើឲ្យអ្នកដំណើរគ្រប់មជ្ឈដ្ឋាន កំពុងតែត្អូញត្អែរ ធុញទ្រាន់គ្រប់គ្នាៗនោះ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយថា ដោយសារតែកំណើនយានយន្តដឹកជញ្ជូន ទើបបង្កឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

រហូតមកដល់ពេលនេះ កំណើនយានយន្ដនៅកម្ពុជា មានការកើនឡើងដល់ជាង៤លានគ្រឿង ក្នុងនោះរថយន្ដជាង៧០ម៉ឺនគ្រឿង។

ក្នុងពិធីផ្សព្វផ្សាយប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការចុះបញ្ជី និងត្រួតពិនិត្យ បច្ចេកទេសយានយន្តជាសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោក ពៅ ម៉ាលី មានប្រសាសន៍ថា ភាពចាំបាច់សម្រាប់សុវត្ថិភាព និងការពិចារណាលើបរិស្ថាន ក្នុងវិស័យដឹកជញ្ជូន គឺមានការរីចំរើនជឿនលឿន គួរឲ្យកត់សម្គាល់នាបច្ចុប្បន្ននេះ ពីព្រោះតែកំណើន នៃយន្តការប្រើប្រាស់យានយន្តដឹកជញ្ជូន គឺបង្កឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍

លោកបន្ដថា ស្របពេលមានកំណើន នៃចំនួនយានយន្ត ការគ្រប់គ្រងយានយន្ដក៏បានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដោយសារការប្រើប្រាស់ព័ត៌មាន ប្រព័ន្ធចុះបញ្ជីយានយន្ត ដែលនេះជាចំណុចមានសារសំខាន់។ លោកថា ក្រសួងសាធារណការ បាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើឲ្យប្រសើរឡើង នូវសុវត្ថិភាពផ្លូវគោក តាមរយៈកំណែទម្រង់ច្បាប់ចរាចរណ៍ផ្លូវគោក បានបង្កើតឲ្យមានគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក និងជំរុញការអនុវត្តច្បាប់យ៉ាងតឹងរឹង និងបង្ក្រាបការដឹកជញ្ជូន លើសកម្រិតផងដែរ។

ឆ្លៀតឱកាសនោះដែរ អូតា ម៉ាសាយ៉ា ប្រធានទីប្រឹក្សាគម្រោង JICA បានឲ្យដឹងដែរថា ដោយសារតែភាពជឿនលឿន នៃការកើនឡើង យានយន្ដយ៉ាងឆាប់រហ័សនៅកម្ពុជា ក៏កំពុងតែប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះ JICA បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់ប្រទេសជប៉ុន៕