អ្នកញៀនល្បែងរាប់សិបនាក់ រត់ចោលម៉ូតូ ពេល​ប៉ូលិស​ឆ្មក់បង្ក្រាប​សង្វៀន​មាន់ជល់ដ៏ធំមួយ​ ក្នុងខណ្ឌមានជ័យ តែចាប់បាន១៧នាក់ដែរ

17-12-2018 7:37am

ភ្នំពេញៈ ​យ៉ាង​ហោច​ណាស់​មនុស្ស១៧នាក់ ​ត្រូវ​ឃាត់​ខ្លួន ខណៈ​រាប់សិប​នាក់​ទៀត​​ផ្អើល​រត់​ចោលម៉ូតូអស់ ពេល​​ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ចុះ​បង្រ្កាប​សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ កាល​ពីរសៀល​ថ្ងៃទី​១៦ ខែធ្នូ​ ឆ្នាំ២០១៨ នៅ​បរិវេណដីឡូតិ៍​មួយកន្លែង ស្ថិតក្នុងភូ​មិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រជាព​លរដ្ឋ​និយាយ​ថា មនុស្ស​រាប់រយ​នាក់​បាន​មក​ជល់​មាន់​ពេល​ម្ចាស់​សង្វៀន​បើក​លែង​ម្ដងៗ មិនដឹងថា មកពីកន្លែងណាខ្លះទេ ​ហើយ​គេ​ពិ​និត្យ​ឃើញ​អ្នក​លែង​មាន​មុខប្លែកៗ​ មក​លេង​ល្បែង​ភ្នាល់​មាន់​ និងចាក់​អាប៉ោង នៅ​​ក្នុងសង្វៀន​ខាងលើនេះ​ ស្រែក​កងរំពង​ គ្មាន​ក្រែង​ចិត្ត​អ្នក​ភូមិ​ឡើយ​។ អ្នកភូមិ​និយាយ​ថា ពេលខ្លះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​បង្ក​ចលាច​លពេ​ញភូមិ ​រីឯសមត្ថកិច្ច ​ឬអាជ្ញាធ​រមូលដ្ឋា​នវិញ ​បានត្រឹមតែចុះមកសម្រួលកុំអោយមាន​ចលាចល​កើតឡើង ហើយត្រឡប់ទៅវិញបាត់ ​​ដែលទំនង​ម្ចាស់​សង្វៀន​មានខ្នងធំហើយ​ ព្រោះមេប៉ុស្តិ៍ក៏មិនហ៊ានបង្ក្រាបទេ រួមទាំងអធិការខណ្ឌទៀត មិនបាច់និយាយទេ​ អោយតែបាន​សើម​មាត់សើ​ម.ក កុំថាឡើយបញ្ជាពីណា​មក​ ក៏លោកអធិការខណ្ឌ​ តេង​ ស៊ីណូ​ មិនខ្ចីខ្វល់​ ជា​មួយនិ​ងល្បែង​នេះដែរ។ ពលរដ្ឋដែលរស់នៅតំបន់នោះ ក៏បានពោលថា​ "ទាល់តែសម្ដេចតេជោ​ ស្រែក​ទើបដឹងប្រឹង" ដូចច្នេះមានន័យថា​ បទបញ្ជា​លោក​​ ឃួង​ ស្រេង​ អភិបាលរាជធានី​ និងបទបញ្ជា​លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ គ្មានប្រសិទ្ធភាព​សម្រាប់បញ្ជា​អធិការខណ្ឌមានជ័យ​ ក្នុងការបង្ក្រាបល្បែងបានឡើយ​ ទើបបនល្បែង​ខុសច្បាប់​ពេញមូលដ្ឋានទុក​តាំងពិព័រណ៍​បែបនេះ។

ប្រភពពីមន្ត្រីនគរបាលដែលចុះបង្ក្រាបបានបង្ហើបអោយដឹងថា សង្វៀន​បញ្ជល់​មាន់​គ្មាន​ច្បាប់​ទម្លាប់​នោះ ​បាន​បើក​ដំណើរ​ការ​ច្រើន​ខែ​ហើយ​ តែមិនដឹងថា ​គ្រប់​គ្រង​​ដោយអ្នកណានោះទេ ជាក់ស្ដែង​ក្រោយពីលោក​ ស​ ថេត​ ​អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជា ទើបកម្លាំង​​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បើក​កិច្ចប្រតិប​ត្តិការ​បង្រ្កាប​តែម្ដង។

ការបង្ក្រាបនេះមានការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលលោក ប្លង់ សុផល ព្រះរាជអាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមដោយ​នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ​៣។

ប្រតិបត្តិការនេះ មានការឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ រួមមាន ៖ មាន់ជល់ចំនួន ១០ក្បាល , ជញ្ជីងចំនួន០២, ចាន់អាប៉ោងចំនួន០១, កម្រាលអាប៉ោង ចំនួន១,​ ខ្នាយមាន់ចំនួន៤, កៅអីជ័រចំនួន១៥, ស្កុតរុំខ្នាយមាន់ មួយចំនួន និង​ម៉ូតូចំនួន ២៤គ្រឿង ដែលក្នុងនោះភាគច្រើនសុទ្ធតែម៉ូតូដែលម្ចាស់រត់ចោល។

ក្រោយ​ប្រតិបត្តិការ​​ចំពោះមនុស្ស និងវត្ថុតាង បានប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី៕