អាជ្ញាធរខេត្តកំពង់ឆ្នាំង និងជំនាញពាក់ព័ន្ធ គួរពិនិត្យមើលការចាក់ដីលុបបឹងដើម្បីអភិវឌ្ឍន៍ តើស្របច្បាប់ដែរឬទេ?

16-12-2018 4:20pm

កំពង់ឆ្នាំងៈ រថយន្តដឹកដីជាច្រើនគ្រឿង កំពុងសម្រុកដឹកដីចាក់បំពេញ ដើម្បីលុបបឹងឲ្យម្ចាស់ដីពីរកន្លែង នៅចំណុចខាងមុខ និងខាងលិចក្រុមហ៊ុនផ្សាររបស់លោក លាង សេង រៀបចំសាងសង់ផ្ទះល្វែង។ ការចាក់ដីបែបអនាធិបតេយ្យនៅចំណុចចុងកោះខាងលើនេះ ត្រូវគេមើលឃើញថា ដីក្នុងតំបន់នោះ គ្មានអនុប្រយោគឡើយ ហើយជាដីក្នុងតំបន់២ និងតំបន់៣ផងដែរ។

សេចក្តីរាយការណ៍ឲ្យដឹងថា រថយន្តដឹកដីជាច្រើនគ្រឿងខាងលើ ដែលគេដឹងថា ជារបស់លោក កែវ ពិសី អតីតស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក កែវ រ៉ុន កំពុងធ្វើការជីកកកាយយកអាចម៍ដីដឹកចាក់បំពេញឲ្យក្រុមហ៊ុនពីរ ដើម្បីអង្កន់ពុះធ្វើជាឡូត៍ និងផ្ទះល្វែង បុរី ដែលជាដីគ្មានអនុប្រយោគ គ្មានច្បាប់ក្នុងតំបន់ពីរ បែបអនាធិបតេយ្យ ដោយជ្រកក្រោមអំណាចអ្នកធំមួយចំនួននៅក្នុងខេត្ត។

ប្រភពបន្តថា ដីដែលរថយន្តដឹកដីរបស់លោក កែវ ពិសី និងលោក កែវ រ៉ុន កំពុងធ្វើសកម្មភាពសម្រុកដឹកចាក់បំពេញខាងលើនេះ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈដីតំបន់នេះជាដីព្រៃលិចទឹក ហើយគ្មានទាំងអនុប្រយោគ(គ្មានច្បាប់)ត្រូវបានក្រុមឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរសង្កាត់ ក្រុង និងខេត្ត គ្មាននរណាមួយហ៊ានក្អក និងប្រតិកម្មនឹងសកម្មភាពដឹកដីចាក់បំពេញតំបន់ខាងលើដោយបំពានច្បាប់។

សេចក្តីរាយការណ៍បន្តឲ្យដឹងទៀតថា ដីក្នុងតំបន់ខាងលើនេះ ដឹកចាក់បំពេញនៅតំបន់ខាងដីថ្មី បានគឺមានតែក្រុមរថយន្តដឹកដីរបស់លោក កែវ ពិសី ដែលជាអតីតស្នងការនគរបាលខេត្តកំពង់ស្ពឺ និងជាដន្លងរបស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងលោក កែវ រ៉ុន ប៉ុណ្ណោះ បើក្រុមណាមួយផ្សេងទៀត ចូលមកដឹក គឺមិនបាននោះឡើយ បើសិនជាហ៊ានចូល ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបភ្លាមៗ ដូចជាករណីក្រុមរថយន្តដឹកដីមួយក្រុមឆ្នាំង ទៅត្រូវបានបង្ក្រាបសួរនាំ និងឃាត់រកច្បាប់នេះច្បាប់នោះរហូតត្រឡប់ទៅវិញ។

ករណីខាងលើនេះ មន្ត្រីជំនាញ បានត្រឹមតែឈរឱបដៃមើល និងមិនទាំងហ៊ានអនុវត្តតាមផ្លូវច្បាប់នោះឡើយ ខណៈគេដាក់ការសង្ស័យថា បានប្រយោជន៍ឃុបឃិតគ្នាលបស៊ីតាមជំនាញ ទើបមិនហ៊ានអនុវត្តតាមច្បាប់។

សូមបញ្ជាក់ផងដែរថា នៅតំបន់អភិវឌ្ឍន៍ដីថ្មី ក្នុងខេត្តកំពង់ឆ្នាំង មានតែក្រុមហ៊ុន១គត់ ដែលស្របច្បាប់ត្រឹមត្រូវ អាចចាក់ដី និងសាងសង់សំណង់ផ្សេងៗ គឺក្រុមហ៊ុនរបស់លោក លាង សេង។ ក្រៅពីនេះ សុទ្ធតែជាដីរបស់រដ្ឋ ហើយគ្មានអនុប្រយោគស្របច្បាប់នោះឡើយ៕