អាជ្ញាធរ ប្រើវិធានការក្ដៅ លើអ្នកយកចិញ្ចើមផ្លូវសាធារណៈ ប្រកបអាជីវកម្ម ក្នុងមូលដ្ឋានខណ្ឌដូនពេញ

15-12-2018 9:03pm

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ បន្តចុះរៀបចំ សណ្តាប់ធ្នាប់សាធារណៈ នៅបណ្តោយផ្លូវលេខ ១០៦-១០៨-១១៨ ស្ថិតនៅក្នុងសង្កាត់ចំនួន៣រួមមាន សង្កាត់ផ្សារចាស់ សង្កាត់វត្តភ្នំ និង សង្កាត់ស្រះចក រដ្ឋបាលខណ្ឌបានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលយកចិញ្ចើមផ្លូវសាធារណៈ មកប្រកបអាជីវកម្ម ដោយកំណត់ធ្វើអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌបានកំណត់ជូន ចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនចូលរួមសហការ រដ្ឋបាលខណ្ឌ ក៏បានប្រើប្រាស់វិធានការក្តៅចំពោះអ្នកយកចិញ្ចើមផ្លូវសាធារណៈ មកប្រកបអាជីវកម្មដោយដកហូតសំភារៈទាំងនោះមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ។

ជាលទ្ធផល៖រដ្ឋបាលខណ្ឌបានធ្វើការស្ទួចរថយន្តបានចំនួន០២គ្រឿង យកទៅរក្សារទុកនៅអធិការនគរបាលខណ្ឌដូនពេញ ។

ចំពោះការងារបាញ់លាងសំអាត លោក អភិបាលបានបញ្ជារឲ្យកម្លាំងប្រជាការពារខណ្ឌ ធ្វើការបាញ់លាងសំអាតការ៉ូឡា ច្រាំងទន្លេ និង ទីតាំងផ្សេងៗមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញរួមមាន៖ សួនច្បារនិង ច្រាំងទន្លេចាប់ពីមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ,សួនច្បារមុខសណ្ឋាគារណាហ្គាវើល រហូដល់មុខវិទ្យាស្ថានជាតិអប់រំ សួនច្បារវត្តបទុមវតី៕