ដេប៉ូប្រេងតេលា “ឫស្សីស្រស់” ក្នុងខណ្ឌច្បារអំពៅ លក់ប្រេងមិនគ្រប់លីត្រ

15-12-2018 8:56am

ភ្នំពេញៈ មន្ត្រីជំនាញ បានរកឃើញដេប៉ូលក់ប្រេងតេលា ដែលមានយីហោ “ឫស្សីស្រស់” ក្នុងខណ្ឌច្បារអំពៅ លក់កេងបន្លំអតិថិជន ដោយលក់ប្រេងមិនគ្រប់ចំនួនលីត្រ នៅគ្រាដែលសមត្ថកិច្ចជំនាញ បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​មួយចំនួន ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​ខណ្ឌ​ច្បារអំពៅ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

ការចុះពិនិត្យ​នេះ ​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​អ្នកប្រើប្រាស់​ ការ​ពារ​គ្រឿង​ម៉ាស៊ីន​នៃ​យានជំនិះ​គ្រប់​ប្រភេទ និង​ការពារ​បរិស្ថាន ដែល​កើតចេញពី​ចំហេះ​ប្រេងឥន្ធនៈ​មិន​សមស្រប និង​ពិសេស​ដើម្បី​ទប់ស្កាត់​ការ​កែ្ល​ង​បន្លំ។ ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​នេះ ​គឺ​ផ្អែកទៅលើ​ឧបករណ៍​ត្រួតពិនិត្យ​នៅនឹងកន្លែង ដូចជា​ធុង​ក្រឹ​ត​មាន​មាឌ​ដ្ឋានជាក់លាក់​សម្រាប់​វាស់​បរិមាណ​ប្រេង ​ដែល​បាញ់​ចេញពីកុង​ទ័​រ​តាម​ទំហំ​ផ្សេង​ៗ ខុសគ្នា​មាន​ចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែក​ស​ន្ទ​ស្សន៍​អុក​តាន និង​សេ​តាន​វិញ គឺ​ប្រើ​ឧបករណ៍​ក្នុង​រថយន្ត​មន្ទី​ពិសោធន៍​ចល័ត។

ជាលទ្ធផល​នៃ​ការត្រួតពិនិត្យ​គុណភាព ​និង​បរិមាណ​ប្រេងឥន្ធនៈ​របស់​ស្ថានីយ និង​ដេប៉ូ៣កន្លែង ​នៅ​ទីតាំង​ខាងលើនេះ គឺមាន​ស្ថានីយ និង​ដេប៉ូ១កន្លែង ឈ្មោះ TELA ឬ​ស្សី​ស្រស់ ស្ថិតនៅដីឡូត៍​លេខ៤៧ ផ្លូវលំ ស​ង្តា​ត់និរោធ ខណ្ឌ​ច្បារអំពៅ មាន​កង្វះ​បរិមាណ​ប្រេង​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​រង្វាស់រង្វាល់។

លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់​ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​អះអាងថា ក្រុមមន្ត្រី​ត្រួតពិនិត្យបាន​ឲ្យ​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ម៉ាស៊ីន​លក់​ប្រេង ​តាម​ការធ្វើ​ព្យា​សកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ​តាមរយៈ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជំនាញ។

ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល នឹង​បន្ត​ធើ្វ​ការត្រួតពិនិត្យ​ឲ្យបាន​គ្រប់​ស្ថានីយ​ទាំងអស់​ទូទាំងប្រទេស ហើយក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ក្នុង​កិច្ចការពារ​អ្នកប្រើប្រាស់​តាមផ្លូវ​ច្បាប់។ ចំពោះ​ក្រុមហ៊ុន/ដេប៉ូ ដែល​បាន​រកឃើញ​មាន​ការលក់​ប្រេងឥន្ធនៈ​មិន​សមស្រប ត្រូវធ្វើ​ការបញ្ឈប់ និង​កែតម្រូវ​ឲ្យ​បាន​សមស្រប​ឡើងវិញ​ជាបន្ទាន់ បើ​មិន​ពុំនោះសោធ​នឹងត្រូវ​ទទួលរង​នូវ​ចំណាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ជា​ធរមាន។

លោក មាន ចំណាប់ ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​យានជំនិះ​ទាំងអស់ ត្រូវ​ពិចារណា​ជាមុន​ក្នុងការ​ជ្រើសរើស​ស្ថានីយ/ដេប៉ូ​ប្រេងឥន្ធនៈ ដោយ​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ទុកចិត្ត ប្រើប្រាស់​ឧបករណ៍​ថ្មី​លក់​ប្រេងសាំង​ធម្មតា ឬ​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត​ ដែលមាន​គុណភាព​ល្អ​ ហើយ​គ្រប់​ចំនួន​លីត្រ ពិនិត្យមើល​លេខ​កុង​ទ័​រ​នៅ​ពី​ចំណុចសូន្យ​ជានិច្ច​ មុនពេល​ចាក់​តាមដាន​ដំណើរការ​នៃ​លេខ​កុង​ទ័​រ ដែល​ត្រូវ​ចាប់​ផ្កើ​ម​ជាមួយគ្នា​នឹង​ម៉ាស៊ីន​បាញ់​ប្រេង​រហូតដល់​ចំនួន​លីត្រ៕