នាយករដ្ឋមន្ត្រី ៖ គម្រោងធំៗ របស់ចិន នឹងប្រែក្លាយខេត្តកោះកុង ជាតំបន់អភវិឌ្ឍន៍

14-12-2018 12:37pm

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គម្រោងអភិវឌ្ឍន៍ធំៗរបស់ចិន អាចប្រែក្លាយខេត្តកោះកុង ជាតំបន់អភិវឌ្ឍន៍ជាបន្តបន្ទាប់។ ជាក់ស្តែងដូចជា គម្រោងទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ដែលប្រមូលផ្តុំចម្រុះ ទៅដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម។

យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ខេត្តកោះកុង ជាតំបន់ដែលមានសក្តានុពលខ្លាំង ទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយ ក្នុងការនាំទំនិញចេញចូលផងដែរ។ ដូច្នេះ វិនិយោគិនចិន បានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍន៍ធំៗ នៅខេត្តកោះកុង។

សម្ដេចតេជោ មានប្រសាសន៍ថា “គម្រោងធំៗរបស់ចិន ដែលអាចប្រែក្លាយខេត្តកោះកុង ទៅជាតំបន់អភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកម្សាន្តខ្នាតអន្តរជាតិ ជាដើម”។

សម្ដេចបន្ដថា គម្រោងក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុង ដ៏ធំបែបនេះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត មកកាន់កម្ពុជា។ សម្ដេចថា ការសាងសង់សណ្ឋាគារកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរនាពេលខាងមុខ។

នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ខេត្តកោះកុង កំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍន៍មួយ កាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍន៍របស់ចិន។ ជាពិសេសរាជរដ្ឋាភិបាល កំពុងតភ្ជាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឲ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ៕