ស៊យធំ! ជនសង្ស័យម្នាក់ ចំណោមបក្ខពួក៣នាក់ ឆក់កាបូបបានសម្រេច តែរត់មិនរួច...

14-12-2018 11:16am

ភ្នំពេញៈ ជនសង្ស័យម្នាក់ ចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ បានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ៧កើត ខែមិគរសិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីនគរបាលប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ណុប សាមុត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ម្តុំទឹកថ្លា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះឈ្មោះ ខន ស្រីលីន អាយុ១៨ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្សូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-6911៦ ចេញពីផ្ទះគោកបំណងទៅរៀននៅសកលវិទ្យាល័យមួយកន្លែងនៅម្តុំវត្តភ្នំ ដោយព្យួរកាបូបទុកនៅមុខម៉ូតូ ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង មួយគ្រឿង ម៉ាកស៊ុយហ្សូគីនិច ពណ៌ស មិនចាំស្លាកលេខ, ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា Beat ពណ៌ក្រហម មិនចាំស្លាកលេខ ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពឆក់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះស្ត្រីរងគ្រោះបានជិះម៉ូតូដេញតាមក្រោយហើយបានស្រែកថាចោរៗ ស្របពេលនោះ ក៏ប្រទះនគរបាលប៉ុស្តិ៍ កំពុងល្បាត់ជិះដេញរហូតមកដល់ខាងមុខសង្កាត់ទឹកល្អក់១ ជនសង្ស័យភ័យ ក៏ជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋដួលឃាត់ខ្លួនភ្លាមៗ ចំណែកជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់១ យកមកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់៕