នារីរូបស្រស់ ស្រវឹងបើករថយន្តស៊េរីទំនើប បុកកម្មកររើសសំរាម របួសធ្ងន់ ហើយរថយន្តក្រឡាប់ជាច្រើនត្រឡប់ ខូចខាតស្ទើរទាំងស្រុង

13-12-2018 11:18am

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ ស្រវឹងស្រាជោកជាំ ​បើក​រថយន្ត​ស៊េរី​ទំនើប ​ទៅ​បុក​គូទ​រថយន្តប្រមូលសំរាម​ស៊ិនទ្រី​ពី​ក្រោយ ​បណ្ដាលឱ្យកម្មករ​ប្រមូល​សំរាម​ម្នាក់ ​រងរបួស​ធ្ងន់ ហើយរថយន្តបង្កក្រឡាប់ជាច្រើតត្រឡប់ រងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើងតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ នាវេលា​ម៉ោង​១រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​ម៉ាក ​Land​ Cruiser​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-9595 ​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ ស្រវឹង​ស្រា​ជោក​ជាំ​ ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​លុះ​មក​ដល់​ចំណុច​ជិតស្ថានីយប្រេង​សូគីមិច ​រថយន្ត​ខាង​លើ ​បាន​រេ​ចង្កូត​​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស៊ិនទ្រី​ ដែល​កំពុង​ឈប់​ប្រមូល​សំរាម​ ពី​ចំ​ហៀង​ខាង​ស្ដាំ ​បណ្ដាយ​ឲ្យកម្មករ​​ស៊ិនទ្រី​ម្នាក់​ បាន​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​ រង​របួស​ធ្ងន់ រីឯ​រថយន្តបង្កក្រឡាប់ជាច្រើនត្រឡប់​ផ្ងារ​ជើង​ រង​ការ​ខូចខាត​រថយន្ត​ស្ទើរ​តែ​ទាំង​ស្រុង​ តែ​សំណាង​ល្អ​អ្នក​បើក​បរ​មិន​រងរបួស​ឡើយ​​។ ចំណែកកម្មករស៊ីនទ្រី ​រងរបួស​ធ្ងន់ ​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​កាល់​ម៉ែត​។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕