ឧកញ៉ា ឌួង ឆាយ ចំអកឲ្យ​អ្នកនយោបាយវ័យក្មេង លោក វិល្លាម ក្រោយអភិបាលខេត្តសៀមរាម ត្រៀមផ្លាស់ប្តូរតំណែង

12-12-2018 2:57pm

ភ្នំពេញៈ ឧកញ៉ា ឌួង ឆាយ បានចំអកឲ្យ​អ្នកនយោបាយវ័យក្មេង លោក វិល្លាម ក្រោយពីលោក បានអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូច បង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ ពោល​គឺអភិបាលខេត្តសៀមរាម លោក ឃឹម ប៊ុន សុង។

តាមរយៈ​ហ្វេសប៊ុកឧកញ៉ា ឌួង ឆាយ បានសរសេរប​ង្ហោះថា “មិនចេះខ្មាសគេ សមជាអ្នកនយោបាយមែន, ក្រពើក្នុងទឹក អូនមិនហ៊ានចាប់ ដល់ពេលក្រពើងាប់ ស្រាប់អូនចាប់ឲ្យ​ប្រជាជនមើល។ រឿងចាក់ដីលុបសមុទ្រនៅកំពង់សោមដល់ណាហើយ? ជាពិសេសរឿងកោះត្រាល់សន្យាមុនបោះឆ្នោតយ៉ាងមិចហើយ?

ការលើកឡើងរបស់ឧកញ៉ា ឌួង ឆាយ បែបនេះ ក្រោយ​លោក វីល្លាម ដែលស្គាល់ថា ជាអ្នកនយោបាយវ័យក្មេង បានសរសេរបង្ហោះលើ​​ហ្វេសប៊ុករបស់លោក​ថា “បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើ​ញកំហុសជាច្រើ​ន និងបានស្នើ​ដល់សម្ដេចនាយករដ្ឋមន្ត្រីឲ្យ​ដកតំ​ណែងលោក ឃឹម ប៊ុនសុង ពីអភិបាលខេត្តសៀមរាប ។ ខណៈនេះលោក ឃឹម ប៊ុន សុង បានបញ្ចប់មុខងារជាអភិបាលនៃខេត្តសៀមរាបហើ​យ សូមអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូចបង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ”