ទេសរដ្ឋមន្រ្តី មាស សុភាព ៖ មានសុខសន្តិភាព គឺមានការអភិវឌ្ឍ និងពលរដ្ឋមានសិទ្ធិសេរីភាព មិនដូចជំនាន់៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ

12-12-2018 12:54pm

ព្រះវិហារៈ ប្រទេសមានសុខសន្តិភាព គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងពលរដ្ឋមានសិទ្ធសេរីភាព មិនដូចជំនាន់៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ ហើយថ្ងៃនេះយើងជួបជុំគ្នា ដើម្បីរំលឹកខួបទី៤០ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលប្រទេសយើងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋសម្បាយរីករាយ ដែលមានសមិទ្ទផលដែលកើតចេញពី ស្មារតីសាមគ្គីសង្រ្គោះជាតិកម្ពុជា ក៏ដូចជា កើតចេញពីការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាថ្នាក់ដឹកនាំផងដែរ ឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ ទី៧/១/១៩៧៩។

ការថ្លែងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី មាស សុភាព ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់កណ្ណាល ចុះជួយខេត្តព្រះវិហារ រួមនិងអជ្ញាធរខេត្តដែលមាន លោក អ៊ុន ចាន់ដា អភិបាលខេត្ត អស់លោកជាសមាជិកសមាជិការគណៈប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅស្នាក់ការកណ្តាល នៃគណៈបក្សប្រជាជនខេត្តព្រះវិហារ។

នៅក្នុងពិធីគម្រប់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃកំនើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ នេះផងដែរលោក អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណៈអចិន្ត្រៃគណបក្សប្បរជាជនកម្ពុជាខេត្ត បានថ្លែងទៅកាន់សមាជិកសមាជិការថា ស្មារតីថ្ងៃ២ធ្នូ គឺជាទិវាប្រវត្តសាស្ត្រនាំមកនូវជោគជ័យ និងជ័យជម្នះ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យរស់រានមានជីវិតដែលនូវសេសសល់ ពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំសុខសន្តិភាពមកជូនប្រជាពលរដ្ឋវិញ នូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពយ៉ាងពេញលេញ ដែលត្រូវបានបាត់បង់ទាំងស្រុងនូវក្នុងរបបដ៏ខ្មៅងងឹតនោះ នេះហើយ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងណាអាចបំភ្លៃបំភ្លើសបំភ្លេច និងបំផ្លិចបំផ្លាញបានឡើយ។

ស្មារតីថ្ងៃ២ធ្នូ នៅតែបានចារជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា បានប្រែក្លាយជាកម្លាំងមហាសាមគ្គីដ៏ធំធេង ក្នុងការបង្កើតនូវសមិទ្ធផលនានា លើគ្រប់វិស័យសម្រាប់សង្គមជាតិរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមពន្លឺនៃសន្តិភាពសេរីភាព ឲ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍ បានរីកស្គុសស្គាយពេញផ្ទៃប្រទេស ទាំងនេះ គឺជាកញ្ជក់ឆ្លុះបញ្ចាំងឲ្យឃើញការអភិវឌ្ឍជោគជ័យថ្មីៗបន្ថែមទៀត ដែលនិងកើតឡើងទៅឆ្នាំខាងមុខ ជាបន្តបន្ទាប់ផងដែរ៕