ស្ទាក់ចាប់រថយន្ដ៥គ្រឿង រួចដោះលែងវិញ សង្ស័យត្រូវរ៉ូវគ្នាទេដឹង?

11-12-2018 7:25am

រតនគិរីៈ អាជ្ញាធរស្រុកកូនមុំកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ បាននាំកម្លាំងទៅស្ទាក់ចាប់រថយន្ដធន់ធំចំនួន៥គ្រឿង ដែលដឹកម៉ាស៊ីនរ៉ៃចេញពីទឹកដីខេត្ដស្ទឹងត្រែង បើកចូលមកស្រុកកូនមុំ រួចគេដោះលែងវិញ សង្ស័យត្រូវរ៉ូវគ្នាដោយស្ងាត់ៗ។

ប្រភពពីមន្រ្ដីប៉ូលិសស្រុកកូនមុំ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ មានក្បួនរថយន្ដធុនធំម៉ាករ៉េវ(ប៉ាកុង)ចំនួន៥គ្រឿង មានដឹកសម្ភារកែច្នៃឈើបានបើកចេញពីភូមិសាស្រ្ដខេត្ដស្ទឹងតែឆ្ពោះមកស្រុកកូនមុំ តាមផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកលំផាត់ ខេត្តរតនគិរីឆ្ពោះទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅម៉ោងប្រមាណជិត៨យប់ថ្ងៃដដែលនោះ ក្បួនរថយន្ដប៉ាកុងបានបើកទៅដល់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ចំណែកកម្លាំងស្រុកដែលដឹកនាំដោយលោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ក៏បានទៅដល់ រួចបើកការត្រួតពិនិត្យបានរកឃើញដែករ៉ៃចំនួន៤ខ្សែ ក្បាលម៉ាស៊ីនចំនួន២គ្រឿង និងម៉ាស៊ីនត្រង់សឺន័រចំនួន២គ្រឿងផងដែរ។

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ លោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ដែលដឹកនាំកម្លាំងចុះទៅឃាត់ក្បូនរថយន្ដដូចខាងលើនោះបានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា រថយន្ដទាំង៥នោះ គឺត្រូវតែរឹបអូសយកទៅសាលាស្រុកកូនមុំ ដើម្បីកសាង​សំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅថ្ងៃដដែលនេះ ព្រោះរថយន្ដនោះមានផ្ទុកឧបករណ៍កែច្នៃឈើ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបានប្រាប់សារព័ត៌មានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ថា ពាក់ព័ន្ធករណីឃាត់រថយន្ដចំនួន៥គ្រឿងដូចខាងលើមកដល់ពេលនេះមិនទាន់ឃើញខាងស្រុកកូនមុំបញ្ជូនសំណុំរឿងនិងវត្ថុតាងនោះមកនៅឡើយទេ។

នៅថ្ងៃនោះដែរ សារព័ត៌មានបានព្យាយាមសុំការបញ្ជាក់ពីលោក សេក ហៃ អភិបាលស្រុកកូនមុំ ជុំវិញរឿងឃាត់រថយន្ដប៉ាកុងចំនួនន៥គ្រឿង ដែលដឹកឧបករណ៍កែច្នៃឈើនោះ ប៉ុន្ដែលោកឆ្លើយយ៉ាងខ្លីថា ជាប់រវល់។

នៅគ្រាបន្ទាប់នោះ លោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ដែលចុះទៅឃាត់រថយន្ដនោះផ្ទាល់បានបញ្ជាក់ថា ក្រោយពីត្រួតពិនិត្យរួចលោកបានបំពេញបែបបទ បញ្ជូនឲ្យមេព្រៃខេត្ដរួចហើយឥឡូវបែរជាថាមិនឃើញរថយន្ដនោះទៅវិញ រឿងនេះមានតែអ្នកកាសែតទេជួយរកគ្នា។

មន្រ្តីប៉ូលិសបានបញ្ជាក់ថា រថយន្ដចំនួន៥គ្រឿង ដែលខាងស្រុកកូនមុំបានឃាត់កាលពីយប់ថ្ងៃទី៨ ខែធ្នូនោះ គឺស្រុកបានសម្របសម្រួលដោះលែងវិញហើយ ក្រោយពីឃាត់បានមួយយប់។ ការដោះលែងនោះគេសង្ស័យថា អាជ្ញាធរស្រុក បានត្រូវរ៉ូវជាមួយម្ចាស់រថយន្ដនោះហើយមើលទៅ? ៕