មន្ត្រី ៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរ បើធៀបនឹងប្រទេសមួយចំនួន ក្នុងតំបន់

10-12-2018 7:07pm

ភ្នំពេញៈ មន្រ្តីសិទ្ធិមនុស្សកម្ពុជា អះអាងថា បើទោះជាមានបងប្អូនមួយចំនួន នៅមានការមន្ទិលសង្ស័យ ចំពោះបញ្ហាការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយសារកង្វះការសិក្សាស្រាវជ្រាវ ជាក់ស្តែងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ពិតជាមានលក្ខណៈល្អប្រសើរ បើធៀបទៅនឹងប្រទេសមួយចំនួន នៅក្នុងតំបន់ ។

លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងឱកាសពិធីប្រារព្ធខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ដែលបានរៀបចំដោយព្រឹទ្ធសភាកម្ពុជា ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសាលារាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែធ្នូនេះថា ប្រជាជនកម្ពុជា ពិតជាទទួលបាននូវសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ ពោល គឺទាំងសិទ្ធិសេរីភាពក្នុងការរស់រៀនមានជីវិត សិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការព្យាបាល សិទ្ធិទទួលព័ត៌មាន និងសិទ្ធិសេរីភាពដទៃទៀត យ៉ាងល្អប្រសើរ ។ ប៉ុន្តែសេរីភាពទាំងនោះ ក៏ត្រូវស្ថិតនៅក្រោមច្បាប់ ព្រោះថា ប្រទេសនីមួយៗ មានច្បាប់ជាធរមាន មិនអាចមិនគោរពបាននោះទេ រួមទាំងសេរីភាព ក្នុងការធ្វើនយោបាយផងដែរ ។

លោក កែវ រ៉េមី បានអំពាវនាវឲ្យយុវជន ដែលជាកម្លាំងចលករដ៏រឹងមាំ ត្រូវយល់ច្បាស់អំពីសិទ្ធិមនុស្ស ដោយត្រូវរួមគ្នាការពារសិទ្ធិមនុស្ស រួមគ្នាការពារសន្តិភាពនៅកម្ពុជា មិនត្រូវយកសិទ្ធិមនុស្ស ឬសេរីភាព ទៅបំផ្លាញសន្តិភាព ដែលកំពុងកើតមាន ឬទាញប្រទេសឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដូចអតីតកាលនោះទេ ។

ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តសកលលោក ជាពិសេសប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញថា សិទ្ធិមនុស្សមិនត្រូវបានគោរពនោះទេ ក្នុងកាលៈទេសៈ ដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និងអសន្តិសុខសង្គម ។ ជាក់ស្តែង ប្រជាជនកម្ពុជា ធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ចាប់តាំងពីការកើតមានសង្រ្គាម នាដើមទសវត្សឆ្នាំ១៩៧០មកម្ល៉េះ ជាពិសេសក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

លោកអភិបាល បញ្ជាក់ថា របបប៉ុលពត បានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ សិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬប្រជាធិបតេយ្យនោះឡើយ ពីព្រោះសិទ្ធិទាំងឡាយ ត្រូវបានអង្គការខ្មែរក្រហម ដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិដំបូងរបស់មនុស្ស ក៏ត្រូវបានគេដកហូតដែរ។

លោករំឭកថា ក្នុងពេលដែលកម្ពុជា ទទួលរងនូវវិនាសកម្មបែបនេះ ពុំមានក្រុមសិទ្ធិមនុស្សណាមួយ ប្រទេសណាមួយ បានលើកពីករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា នោះទេ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ បានងើបតស៊ូបង្កើតរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ ហើយបាននាំមកនូវអ្វីៗគ្រប់បែបយ៉ាង រួមទាំងសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត ដល់ប្រជាជនកម្ពុជាឡើងវិញ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨នេះ មានការចូលរួមពីសំណាក់ព្រះសង្ឃ អង្គទូតប្រចាំកម្ពុជា លោក លោកស្រី អស់លោក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត និងក្មួយៗ ជាយុវជន ប្រកបដោយភាពអធិកអធ័ម និងមានអត្តន័យយ៉ាងក្រៃលែង ។

សម្តេចបញ្ជាក់ថា ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឲ្យយើងនូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្ស ដែលមានជាប់ជាមួយយើងម្នាក់ៗ តាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ ។ សិទ្ធិទាំងអស់ ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងគ្រប់គ្នាផងដែរ ។ សិទ្ធិទាំងអស់នេះ ត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមក ក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ ៕