ទូតអាមេរិក ស្នើឲ្យទម្លាក់បទចោទប្រកាន់ លើលោក កឹម សុខា

10-12-2018 6:32pm

ភ្នំពេញៈ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨ (១០ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានស្នើឲ្យអាជ្ញាធរកម្ពុជា ទម្លាក់បទចោទប្រកាន់មកលើលោក កឹម សុខា ខណៈបច្ចុប្បន្នលោក កំពុងជាប់ឃុំនៅក្នុងផ្ទះ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិក នៅថ្ងៃទី១០ ខែធ្នូនេះ ដែលអមដោយរូបភាពលោក កឹម សុខា នោះបានឲ្យដឹងថា “នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យើងអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ ទៅលើគ្រប់អ្នកទោសនយោបាយទាំងអស់”

សូមរំឭកផងដែរថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

បទសន្ទិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕