រថយន្ត Lexus RX350 ស្លាកលេខ នគរបាល 2-6636 បុករះកង់បី២គ្រឿង ស្លាប់ម្នាក់ ហើយដាក់មេប្រូចបាត់!

09-12-2018 8:29pm

ភ្នំពេញៈ នៅយប់វេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៤៥ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ រវាងរថយន្តម៉ាក Lexus RX350 ពាក់ស្លាកលេខ នគរបាល 2-6636 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដោយបានបើកបុកនឹងរ៉ឺម៉កកងបី១គ្រឿង ពាក់ស្លាកលេខ 1AQ-4147 និងកង់បីឥណ្ឌាមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1GW-4690 បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកបើកកង់បីទីមួយនេះ បានស្លាប់នៅពេលបញ្ជូនទៅនៅមន្ទីរពេទ្យ រីឯកង់បីឥណ្ឌាបានក្រឡាប់ បណ្ដាលឲ្យម្ចាស់កងបីរងរបួសស្រាល និងម្នាក់ទៀត ជានារី ដែលរួមដំណើរបានរងរបួស ត្រូវបានបងប្អូនគាត់ដឹងរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯរថយន្ត ដែលបង្កខិតខំបើករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋបានដេញពីក្រោយឃាត់ តែរថយន្តបានបើកចូលការ៉ាស់ផ្ញើ រួចគេចខ្លួនទៅបាត់ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចក្នុងខណ្ឌទួលគោក និងខណ្ឌចំការមន ។

តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋបានប្រាប់មកក្រុមការងារអង្គភាព Cam Post (ខេមប៉ុស្តិ៍)ថា មុនពេលកើតហេតុ គេឃើញរថយន្ត និងរ៉ឺម៉កកងបី និងរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាបានបើកស្របទិសដៅជាមួយគ្នា លុះមកដល់ផ្លូវ២៤៥ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក៏ស្រាប់តែរថយន្ត ដែលបង្កបានបើកក្នុសភាពលឿន ក៏បានបុករ៉ឺម៉កកង់បី និងរ៉ឺម៉កកង់បីឥណ្ឌាបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហើយបណ្ដាលឲ្យបុរសម្នាក់ ដែលបើកកងបីបានស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត ដែលបង្ក និងកងបីទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរក្រុង ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី រីឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ៕