មន្ត្រីជំនិតលោក សម រង្ស៊ី ថា កូនស្រីលោក កឹម សុខា មិនពេញចិត្តលោក សម រង្ស៊ី តាំងពីដើម

08-12-2018 6:37pm

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយរូប បានទម្លាយរឿងសម្ងាត់ ដែលជាបញ្ហាផ្ទៃក្នុងបក្សថា កូនស្រីលោក កឹម សុខា មិនពេញចិត្តចំពោះការធ្វើនយោបាយរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សតាំងពីដើម ។

លោក លី សុវិទ្យា ដែលជាអតិតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង បានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា "ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយរូប ក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាមធ្វើនយោបាយ ថ្ងៃនេះ ខ្ញុំសូមលើកឡើងដោយសង្ខេបពី កឹម មនោវិទ្យា ដើម្បីឲ្យបងប្អូនបានស្គាល់"

លោកបន្តថា ចាប់តាំងពីមុនគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយមកម្ល៉េះ​ ថ្នាក់ដឹកនាំសំខាន់ៗ​ របស់គណបក្ស រួមទាំងចាស់ទុំនៅបរទេស មានដូចជា អាមេរិក​ បារាំង​ និងអូស្រ្តាលី​ ជាដើម​ ពួកគាត់ខំតាមអង្វ​រ​ កឹម មនោវិទ្យា​ ឲ្យមកធ្វើការរួមគ្នាជាមួយ​លោក សម​ រង្សុី​ ដើម្បីគោលដៅរួម​ ។ ប៉ុន្តែគ្រប់ពេល កឹម​ មនោវិទ្យា​ តែងតែបដិសេធយ៉ាងដាច់អហង្កា​រ មិនព្រមធ្វើការជាមួយ​លោក សម​ រង្សុី ទេ គឺថា ទីណាមាន​ សម​ រង្សុី​ ទីនោះគ្មាន​ កឹម​ មនោវិទ្យា​ ឡើយ ។ នាងស្អប់លោក សម រង្ស៊ី ជាងស្អប់លោក ហ៊ុន សែនទៅទៀត ។

លោកបញ្ជាក់ថា "រឿងនេះ បើចង់ដឹងការពិត សួរទៅលោកស្រី មូរ សុខហួ និងលោក អេង ឆៃអ៊ាង ដឹងហើយ ឬក៏អាចសួរទៅលោក ទួន យក់ដា និងលោក ពិន រតនា ក៏បានដែរ ថាតើអ្នកក្រៅប្រទេសពិតជាបានធ្វើអ្វីៗ ដូចដែលនាងលើកឡើងមែនទេ?"

លោកបន្ថែមថា ជាក់ស្តែងថ្មីៗនេះ គណៈកម្មការរៀបចំសន្និសីទ នៃសាខាគណបក្សសង្គ្រោះជាតិ នៅឯនាយសមុទ្រ បានធ្វើលិខិតអញ្ជើញរូបនាងឲ្យចូលរួមសន្និសីទ តែនាងមិនត្រឹមបដិសេធមិនចូលរួមប៉ុណ្ណោះទេ ប៉ុន្តែនាងឆ្លើយថា មិនបានដឹង និងថែមទាំង បានទប់ស្កាត់ក្រុមរបស់នាង មិនឲ្យចូលរួមទៀតផង ។ ជាងនេះទៅទៀត ក្រោយពីសន្និសីទបានបិទបញ្ចប់ ទាំងរូបនាង ប្អូនស្រីរបស់នាង និងមនុស្សជំនិតរបស់នាងមួយចំនួនទៀត បានបើកការវាយប្រហារជាប្រព័ន្ធ មកលើលោក សម រង្ស៊ី និងថ្នាក់ដឹកនាំក្រៅប្រទេសឥតឈប់ឈរ ដោយពួកគេចោទថា រំលោភលក្ខន្តិកៈគណបក្ស និងធ្វើបក្សប្រហារជាដើម។

ជាមួយគ្នានោះដែរ មន្ត្រីបក្សប្រឆាំង ដែលគាំទ្រនយោបាយលោក សម រង្ស៊ី រូបនេះ បានលើកឡើងថា "បងប្អូនសាកគិតមើល តើចម្លែកទេ! ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា គេដេកភ័យ ខ្លាចលោក សម រង្ស៊ី ឈប់ធ្វើនយោបាយ តែ កឹម មនោវិទ្យា និងមនុស្សជំនិតរបស់នាង បែរជានាំគ្នាភ័យខ្លាច សម រង្ស៊ី ចូលធ្វើនយោបាយវិញ ។ តាមពិតរឿងនេះ គួរតែសម្តេចទេ ដែលត្រូវភ័យនោះ ហេតុអ្វីក៏អ្នកទាំងនោះ ភ័យដូចសម្តេចដែរ? តើក្រុមនោះមានគោលបំណងអ្វីឲ្យប្រាកដ?"

លោកបន្ថែមថា តាមការកត់សម្គាល់ កឹម មនោវិទ្យា ធ្វើនយោបាយសព្វថ្ងៃ ហាក់គ្មានបំណងរួមគ្នា ដើម្បីយកឈ្នះគូបដិបក្ខទេ តែនាងដូចជាភ័យខ្លាចតែរឿងលោក សម រង្ស៊ី មកធ្វើមេបក្ស។

លោកក៏បានអំពាវនាវយ៉ាងដូច្នេះ សូមឈប់ស្អប់ខ្ពើម និងឈប់ព្យាយាមកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយទៀតទៅ បើអ្នកពិតជាស្រឡាញ់ជាតិពិតប្រាកដ អ្នកគួរកែប្រែអត្តចារិក ចេះស្តាប់ចាស់ទុំ ឈប់អំនួត ហើយងាកមកដើរផ្លូវរួមគ្នាជាមួយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំក្រៅប្រទេសផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងលោក កឹម សុខា បានឆាប់ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ផ្តល់តំណែងដល់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៥០០៧រូប និងបោះឆ្នោតសកលឡើងវិញ នោះទើបជាជម្រើសដ៏ល្អ ដែលប្រជាពលរដ្ឋចង់ឃើញ និងចង់បាន៕