រដ្ឋមន្រ្តីប្រេងអ៊ីរ៉ង់ អះអាងថា អាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ចូលក្នុងកិច្ចការរបស់អង្គការ OPEC

07-12-2018 5:20pm

អ៊ីរ៉ង់ៈ រដ្ឋមន្រ្តីប្រេងអ៊ីរ៉ង់ លោក ប៊ីចាន ណាមដា ហ្សានហ្គាណេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែករបស់ពួកគេ ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង (OPEC) ខណៈដែលលោកចូលរួមកិច្ចប្រជុំ OPEC។

មាននូវការវិភាគជាច្រើន បានលើកឡើងថា ទំនាក់ទំនងជិតស្និតជាមួយសហរដ្ឋអាមេរិក គឺជាដើមហេតុដ៏សំខាន់មួយធ្វើឲ្យប្រទេសកាតា ដកខ្លួនចេញពីអង្គការ OPEC។ កាលពីថ្ងៃចន្ទ ប្រទេសកាតា បានប្រកាសដកខ្លួនចេញពីអង្គការ OPEC ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ។

លោក សាអាដ សេរីដា អាល់ កាប៊ី រដ្ឋមន្រ្តីថាមពល និងឧស្សាហកម្មកាតា បាននិយាយថា ប្រទេសរបស់លោកបានសម្រេចចិត្តហើយថា នឹងដកខ្លួនចេញពីអង្គការ OPEC ដោយសារតែពួកគេចង់ផ្តោតសំខាន់លើបញ្ហាហ្គាសវិញ។

លោកបាននិយាយថា ពួកយើងបានដកខ្លួនដោយសារតែយើងចង់ផ្តោតសំខាន់លើបញ្ហាហ្គាស។ ពួកយើង គឺជាប្រទេសនាំចេញថាមពលធំជាងគេ នៅលើពិភពលោក ហើយយើងចង់ផ្តោតសំខាន់លើបញ្ហាហ្គាសវិញ។ ប្រេងសម្រាប់ពួកយើង គឺផលិតតិចខ្លាំងណាស់។ យើងផលិតតែ៦០ម៉ឺនបារ៉ែលប៉ុណ្ណោះ ក្នុង១ថ្ងៃ ហើយយើងមិនយល់ឃើញថា មានតម្លៃអ្វីទៀត សម្រាប់ឲ្យពួកយើងបន្តនៅជាមួយអង្គការ OPEC ដោយសារតែយើងជាគូប្រជែងតូចតាចមួយប៉ុណ្ណោះ ហើយវាមិនស័ក្តិសម នឹងយុទ្ធសាស្រ្តរបស់ពួកយើងទៀតផង៕