បញ្ហាដីធ្លីជាប់គាំង មិនអាចចេញប័ណ្ណកម្មសិទ្ធិជាច្រើនអាណត្តិ ត្រូវអភិបាលខេត្តកំពត ដោះស្រាយរួចរាល់

07-12-2018 4:55pm

កំពតៈ បញ្ហាដីធ្លីនៅខេត្តកំពត ជាបញ្ហាក្តៅគគុកមួយ ដែលមានភាពស្មុគស្មាញ មិនអាចដោះស្រាយបានជាច្រើនអាណត្តិរបស់អភិបាលខេត្ត។ កន្លែងខ្លះដីប្រជាពលរដ្ឋ ជាន់លើដីក្រុមហ៊ុន ដីក្រុមហ៊ុនជាន់លើដីរបស់កងពល ។ល។ ដែលជាហេតុធ្វើឲ្យ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់មិនអាចចេញប័ណ្ណកម្មសិទ្ធិបាន ទោះបីវាស់រួចរាល់។ ប៉ុន្តែក្រោយពេលការចូលកាន់តំណែងរបស់លោក​ ជាវ តាយ ជាអភិបាលខេត្ត បញ្ហាទាំងនោះ ត្រូវបានលាតត្រដាងនៅលើតុប្រជុំដោយបើកចំហ និងបានរកឃើញដំណោះស្រាយបណ្តើរៗហើយ ខណៈដែលមន្ទីរមួយចំនួន បាច់ទឹកដាក់គ្នា។

ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ដែលមានការចួលរួមពីមន្ត្រីមន្ទីរជំនាញ និងពាក់ព័ន្ធក្នុងខេត្ត មេភូមិ មេឃុំ ដើម្បីចូលរួមដោះស្រាយ បញ្ហាដីធ្លី ដែលបានជាប់គាំងមិនអាចចេញប្លង់ជាច្រើនអាណត្តិអភិបាលខេត្តមកហើយនោះ។  ជាលទ្ធផល គឺរដ្ឋបាលខេត្ត បានបំបែកសំណុំរឿងដីធ្លីកងពលការពារកោះឆ្នេរ ដែលទទួលបានពីសម្តេចនាយករដ្ឋមន្ត្រី និងបញ្ហាដីធ្លីរបស់ពលរដ្ឋមួយចំនួនទៀត។

បើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយរងអធិការកិច្ចក្រសួងការពារជាតិ និងជាតំណាងក្រសួង បានបញ្ជាក់ថា ដោយផ្អែកលើ ស.ជ.ណ ចំនួនពីរ រាជរដ្ឋាភិបាល បានផ្តល់ដី៣ទីតាំងនៅក្នុងស្រុកឈូក ឲ្យមកកម្លាំងសមាហរណកម្មនៅឆ្នាំ១៩៩៧។ ទីមួយនៅភូមិផ្តុំផ្លៅ ឃុំត្រពាំងឃ្លាំង ចំនួន៧៤០ហិកតា ក្នុងនោះក្រុមយុវជន បានចេញប័ណ្ណរួច ចំនួន១៦៥ហិកតា (បទបញ្ជា១) ដីនៅសល់មានវាស់វែងរួច និងស្នើឲ្យមានការវាស់វែងបង្ហើយ។ ទី២ ដីនៅជ័យសេនាចំនួន១១៧ហិកតា (វាស់វែងរួច)។ ចំណុចទី៣ នៅភូមិព្រៃពាយ ចំនួន២១៣ហិកតា (វាស់វែងរួច)។ លោកបានស្នើឲ្យរដ្ឋបាលខេត្តជួយពន្លឿនប័ណ្ណកម្មសិទ្ធិលើដីណា ដែលវាស់វែងរួច ហើយកន្លែងដែលមិនទាន់វាស់ សូមបន្តវាស់វែង។

ក្រោយបានស្តាប់ការបកស្រាយ របស់មន្ទីរជំនាញ និងប្រសាសន៍របស់អភិបាលខេត្ត ទើបដឹងថា រដ្ឋបាលខេត្តមិនព្រងើយកន្តើយក្នុងចេញប័ណ្ណកម្មសិទ្ធិ ដើម្បីបញ្ចប់បញ្ហានោះទេ ដីវាស់វែងរួច ហើយគ្មានការតវ៉ានៅពេលបិទផ្សាយ ខេត្តនិងចេញប័ណ្ណកម្មសិទ្ធិជូន ប៉ុន្តែការបំបេញបែប តាមនិតិវិធីច្រើន បណ្តាលឲ្យមានការយឺតយូរ ហើយដីដែលមិនបានវាស់ព្រោះបានលក់ទៅឲ្យក្រុមហ៊ុនអស់ហើយ លោកយល់ព្រមទទួលយកដំណោះស្រាយ និងត្រូវចំណាយពេល១ខែ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កងពលការពារកោះឆ្នេរ ដែលមានការតវ៉ា បន្ទាប់មករាយការណ៍មកខេត្តដើម្បីបញ្ចប់រឿង។

ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ ក៏បានដាក់គោលដៅឲ្យមន្ទីរ កសិកម្ម និងមន្ទីរបរិស្ថាន ត្រូវចុះពិនិត្យជាក់ស្តែង និងវះកាត់ដីដែលប៉ះពាល់ នឹងគម្រប់ព្រៃឈើ ដីឧទ្យានជាតិ ឬដីសហគមន៍ព្រៃឈើជាដើម ជូនទៅប្រជាពលរដ្ឋ ហើយក្នុងនោះមន្ទីរជំនាញ ត្រូវដោះស្រាយ បញ្ហាដីប្រជាពលរដ្ឋតិចតូចមុន កុំចាំដោះស្រាយជាកញ្ចប់ ចំណែកបញ្ហាធំត្រូវដោះបន្តបន្ទាប់ពីធំមកតូច ពីតូចទៅគ្មានបញ្ហា ជាក់ស្តែងដូចជាបញ្ហាក្នុងឃុំចំនួន៦ ស្មើ១៦ទីតាំង ដែលមាន១១០៨គ្រួសារ ត្រូវតែដោះស្រាយ ឃ្លាលវះចេញ មិនអាចទុកទៀតទេ។

លោកអភិបាលខេត្តក៏បានស្នើដល់មន្ទីរពាក់ព័ន្ធទាំងអស់ ទៅថ្ងៃមុខសូមកុំរុញបញ្ហាដាក់គ្នា កុំបាច់ទឹកដាក់គ្នា ថាដោយសារមន្ទីរនោះ មន្ទីរនេះ តែត្រូវសាមគ្គីគ្នា ដោះស្រាយបញ្ហា ធ្វើយ៉ាងម៉េចដោះឲ្យចេញព្រោះប្រជាពលរដ្ឋត្រូវការប័ណ្ណកម្មសិទ្ធិលើដីអាស្រ័យផលខ្លួនជាចាំបាច់ ទើបពលរដ្ឋឈប់កង្វល់អំពីការឈ្លានពានរំលោភយកដីរបស់ពួកគាត់៕