ដឹងមូលហេតុ នាំឲ្យធ្លាក់ឧទ្ធម្ភាគចក្រ ប្រធានក្លិប Leicester City ហើយ!

07-12-2018 4:42pm

បាល់ទាត់ៈ ក្រុមស៊ើបអង្កេតអង់គ្លេស បានរកឃើញកាលពីថ្ងៃព្រហស្បត្តិ៍ថា បញ្ហាម៉ាស៊ីន ជាដើមហេតុធ្វើឲ្យធ្លាក់ឧទ្ធម្ភាគចក្រ គឺមកពីឈ្នាន់ក្នុងបន្ទប់ពីឡុត ដែលមិនអាចតភ្ជាប់ជាមួយកន្ទុយឧទ្ធម្ភាគចក្របាន គឺជាដើមហេតុនាំឲ្យធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់ម្ចាស់ក្លិប Leicester City និងជាមហាសេដ្ឋីថៃ គឺលោក Vichai Srivaddhanaprabha និងមនុស្ស៤នាក់ផ្សេងទៀត កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ ។

គួរឲ្យដឹងថា ការស្លាប់របស់លោក Vichai បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់កីឡាសកលលោក និងបានធ្វើឲ្យក្លិបស្ថិតនៅកណ្តាលអង់គ្លេសមួយនេះ កើតទុក្ខជាទម្ងន់ រយៈពេល២ឆ្នាំ ក្រោយពេលពួកគេឈ្នះជើងឯក Premier League។

ឧទ្ធម្ភាគចក្រ ដែលលាបពណ៌ខៀវលាយស ដែលជាពណ៌របស់ក្លិបនេះ បានបាត់បង់ការគ្រប់គ្រង ពេលហោះឡើង។

សូមបញ្ជាក់ថា លោក Vichai បានចូលរួមការប្រកួតភាគច្រើន នៅក្នុងទឹកដីរបស់ក្រុម Leicester ដោយការជិះឧទ្ធម្ភាគចក្រ ចុះចតនៅកណ្តាលទីលានប្រកួតតែម្តង៕