កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៦

07-12-2018 4:31pm

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រជុំទ្វេភាគី​ និងជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ៦សំខាន់ៗ។

ការចុះហត្ថលេខានេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក បានអញ្ជើញប្រជុំពិភាក្សាចង្អៀតមួយទល់មួយ​ និងកិច្ចប្រជុំកំពូលទ្វេភាគីចំណាយពេលជាង២ម៉ោង ដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ នេះបើតាមបណ្តាញសង្គមហ្វេសប៊ុនសម្តេចតេជោ។

ក្នុងនោះ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ដូចខាងក្រោម ៖

១- អនុសរណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។

២- វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨) ។

៣- វិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩) ។

៤- កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

៥- កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក។

៦- កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕