វៀតណាម ដឹកដៃម៉ាឡេស៊ី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Suzuki Cup ២០១៨

07-12-2018 3:54pm

បាល់ទាត់ៈ ក្រុមជម្រើសជាតិវៀតណាម នឹងត្រូវប៉ះជាមួយជម្រើសជាតិម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cupឆ្នាំ ២០១៨នេះ ក្រោយរកបានជ័យជំនះ២-១នៅការប្រកួតជើងទី២លើក្រុមជម្រើសជាតិហ្វីលពីននៅក្នុងទីក្រុងហាណយ កាលពីថ្ងៃព្រហស្បត្តិ៍ ដើម្បីធ្វើឲ្យពួកគេឈ្នះការប្រកួតទាំង២ជើងក្នុងលទ្ធផលពិន្ទុ៤-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ។

២គ្រាប់ពីកីឡាករ Nguyen Quang Hai និងកីឡាករ Nguyen Cong Phuong ល្មមគ្រប់គ្រាន់ឲ្យក្រុមជម្រើសជាតិវៀតណាម ដែលបានឈ្នះការប្រកួតជើងទី១ ២-១ កាលពីថ្ងៃអាទិត្យកន្លងទៅនោះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Suzuki Cupជាលើកដំបូង ចាប់តាំងពីបានឈ្នះជើងឯកមួយនេះ កាលពីឆ្នាំ២០០៨។

ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Sven-Goran Eriksson ក្រុមជម្រើសជាតិហ្វីលីពីន ហាក់ដូចគ្មានការគំរាមកំហែងខ្លាំងនោះទេ ដើម្បីផ្លាស់ប្តូរឱនភាពពីការប្រកួតជើងទី១ ហើយពួកគេបានហាលអាវនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី៤ ពីការប្រកួត៥លើកចុងក្រោយនេះ។

នៅមុខក្រុមអ្នកគាំទ្រ៤ម៉ឺននាក់ក្នុងទីក្រុងហាណយ ក្រុមជម្រើសជាតិវៀតណាម មានឱកាសច្រើន ក្នុងការរកគ្រាប់បាល់ ប៉ុន្តែពួកគេ មិនអាចបន្ថែមគ្រាប់បាល់ពីលើ២គ្រាប់ដែលពួកគេរកបានកាលពីជើងទី១នោះទេ រហូតដល់៧នាទីពីម៉ោងបញ្ចប់ការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតជើងទី១នៃវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួ នាថ្ងៃទី១១ ខែធ្នូរ ខាងមុខនេះ ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅក្នុងទីក្រុងហាណយវិញ នៅរយៈពេល៤ថ្ងៃបន្ទាប់៕