Huawei គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មទ្វេភាគី អាមេរិក-ចិន

07-12-2018 3:52pm

វ៉ាស៊ីនតោនៈ ទីព្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាជុំវិញពិភពលោករបស់ចិន ដូចជា Huawei នឹងក្លាយជាប្រធានបទសំខាន់រាល់កិច្ចពិភាក្សាទ្វេភាគីអាមេរិក-ចិន។

នៅពេលនេះ អាមេរិក កំពុងតែបើកការស្រាវជ្រាវ ចោទប្រកាន់ក្រុមហ៊ុន Huawei បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់។

លោក John Bolton បានបញ្ជាក់ថា “ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលយើងមានការបារម្ភជាយូរណាស់មកហើយ។ ខ្ញុំគិតថា នេះជាប្រធានបទសំខាន់នៅក្នុងកិច្ចពិភាក្សា រវាងលោក ត្រាំ និងប្រធានាធិបី ស៊ី ជីងពីង”។

លោក Bolton បានប្រកាសខាងលើ ក្រោយពេលដែលលោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា កាលពីខែធ្នូ ឆ្នាំ២០១៨។ ភាគីកាណាដា បានបញ្ជាក់ថា ការចាប់ខ្លួនខាងលើ ធ្វើឡើងតាមសំណើរបស់អាមេរិក ហើយអាមេរិក ចង់បញ្ជូនលោកស្រី Meng Wanzhou ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

ទីប្រឹក្សាសន្តិសុខជាតិ លោក Bolton បានឲ្យដឹងថា ការចាប់ខ្លួនលោកស្រី Meng Wanzhou ធ្វើឡើងក្នុងថ្ងៃតែមួយនៃជំនួបពីភាក្សារវាងលោក ត្រាំ និង ស៊ី ជីនពីង នៅប្រទេសអាហ្សងទីន។ ជាមួយគ្នានេះដែរ លោក Marco Rubio សមាជិកព្រឹទ្ធសភាអាមេរិក បានច្រានចោលពាក្យចចាមអារាមថា ការចាប់ខ្លួនលោកស្រី Meng Wanzhou ជាយុទ្ធសាស្ត្រនៅក្នុងការចរចារវាងអាមេរិក និងចិន ជុំវិញវិស័យពាណិជ្ជកម្ម ដែលជាសម្ពាធមួយយ៉ាងធំ ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង។

មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន នៅឯទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះថា ចិន បានធ្វើការតវ៉ាជាផ្លូវការទៅកាន់រដ្ឋាភិបាលកាណាដា និងសហរដ្ឋអាមេរិក ដោយទាមទារឲ្យប្រទេសទាំងពីរ ធ្វើការបកស្រាយជាបន្ទាន់អំពីហេតុផល នៃការចាប់ឃុំខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ព្រមទាំងទាមទារឲ្យដោះលែងលោកស្រីជាបន្ទាន់ផងដែរ៕