សង្ស័យម្ចាស់ម៉ាស៊ីនអារឈើ មិនបង់លុយមិនគ្រប់ ទើបមេព្រៃឱរ៉ាល់ សហការជាមួយប៉េអឹមស្រុក​ ចុះបង្រ្កាបស្ងាត់ៗ

07-12-2018 2:16pm

កំពង់ស្ពឺៈ នាយរដ្ឋបាលព្រៃឈើឱរ៉ាល់ បានដឹកនាំកម្លាំងសង្កាត់ក្រោមឱវាទ ដោយមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ សរុបចំនួន១១នាក់ សហការជាមួយ អាជ្ញាធរស្រុកថ្ពង កងរាជអាវុធហត្ថស្រុក និងអធិការដ្ឋាននគរបាលស្រុកថ្ពង ចុះប្រតិបត្តិការបង្ក្រាបរោងម៉ាស៊ី​នអារឈើមួយកន្លែង​ ស្ថិតក្នុងភូមិរលាំងថ្លើ​ង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលដាក់រាប់ឆ្នាំមកហើយនោះ មេព្រៃអះអាងថា ដោយគ្មានលិខិតអនុញ្ញាតចេញពីរដ្ឋបាលព្រៃឈើ មិនស្គាល់ឈ្មោះម្ចាស់ទៀត សង្ស័យម្ចាស់ម៉ាស៊ីនមិនបង់លុយឲ្យ​គ្រប់ជំនាញ និងគ្រប់ចំនួនហើយ ទើបមេព្រៃចុះបង្ក្រាបស្ងាត់ៗបែបនេះនោះ។

តាមប្រភពពីសមត្ថកិច្ចស្រុកថ្ពង បាននិយាយថា ការចុះបង្រ្កាបនេះ ធ្វើឡើងនៅ​វេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដោយ​បានរឹបអូស វត្ថុតាងរួមមាន ៖ ឈើមូលប្រភេទលេខ១ និងលេខ២ ចំនួន២៩កំណាត់ ស្មើជាង៩ម៉ែត្រគីប ម៉ាស៊ី​នអារឈើ១គ្រឿង រណាខ្សែ ដែករ៉ៃ កង់យោង និងសម្ភារៈមួយចំនួនច្រើនទៀតផងដែរ។

ចំណែកម្ចាស់រោងម៉ាស៊ីនខាងលើ ត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា ខណៈមន្រ្តីជំនាញកំពុងចុះប្រតិបត្តិការម្ចាស់រត់បាតជើងសព្រាតចោលវត្ថុតាងខាងលើតែម្តង។

ក្រោយការចុះបង្រ្កាបនាយសង្កាត់រដ្ឋបាលព្រៃឈើ បានយកវត្ថុតាងទៅ​រក្សាទុកជាបណ្តោះអាសន្ននៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្ពង ដើម្បីកសាងសំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ម៉ាស៊ីនរ៉ៃអារឈើខ្នាតធំមួយនេះ អាររាប់ឆ្នាំមកហើយ ហើយ គេតែងតែឃើញមាន មេព្រៃ សមត្ថកិច្ចពាក់ព័ន្ធនានាចេញចូលកន្លែងរោងម៉ាស៊ីនអារឈើខាងលើនេះ មិនដែលខាននោះទេ ហើយម្យ៉ាងវិញទៀតមានទាំងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូល​ដ្ឋានចូលរួមក្នុងការបង្ក្រាបទីតាំងខាងលើជាច្រើន ប៉ុន្តែបែរជាមិនស្គាល់ឈ្មោះម្ចាស់ម៉ាស៊ីនអារឈើនោះទៅវិញ ឬមួយក៏អស់លោកជំនាញ ចុះបង្ក្រាបគ្រាន់តែល្អមើលបង្ហាញថ្នាក់លើថា ខ្លួនបានធ្វើការនោះទេ ឬមួយក៏ទុកឱកាសឲ្យ​ម្ចាស់រោងម៉ាស៊ីនខាងលើនេះមានលទ្ធិភាពរកស៊ីនៅថ្ងៃក្រោយទៀតនោះ៕