នាយករដ្ឋមន្ត្រីកាណាដា ច្រានចោលមូលហេតុនយោបាយ ឈរនៅពីក្រោយការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ Huawei

07-12-2018 1:03pm

កាណាដាៈ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា រដ្ឋាភិបាលរបស់លោក មិនជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្រ្តីប្រតិបត្តិកំពូលមួយរូប របស់ក្រុមទូរស័ព្ទកំពូល Huawei របស់ចិននោះឡើយ។

លោកស្រី ម៉េង វ៉ានជូ គឺជាមន្រ្តីហិរញ្ញវត្ថុដ៏សំខាន់មួយរូបរបស់ក្រុមហ៊ុន Huawei និងជាកូនស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុនមួយនេះ ត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានវ៉ាន់គូវើ ប្រទេសកាណាដា ដោយមានសំណើបត្យាប័នពីសហរដ្ឋអាមេរិក។

ដោយឡែក ប្រទេសចិន បានទាមទារឲ្យមានការដោះលែងលោកស្រីមកវិញ ដោយចាត់ទុកការចាប់ខ្លួននេះ ថាបានបំពានទាំងស្រុងលើសិទ្ធិមនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ ការចាប់ខ្លួនលោកស្រី ម៉េង មិនត្រូវបានគេប្រកាសជាផ្លូវការនោះទេ។ ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនមិនបានដឹងពីកំហុសឆ្គងណាមួយរបស់លោកស្រី ម៉េង នោះទេ។

សូមបញ្ជាក់ថា លោកស្រី ម៉េង ប្រឈមនឹងសវនាការដាក់ប្រាក់តម្កល់នៅថ្ងៃសុក្រនេះ ហើយការចាប់ខ្លួននេះដែរ បានកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងល្អប្រសើរឡើងវិញ រវាងសហរដ្ឋអាមេរិក និងចិន ពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មរបស់ពួកគេ៕