ក្រោយអាមេរិក និងកាណាដា ដល់ពេលជប៉ុនវិញម្តង ឈប់ទិញបច្ចេកវិទ្យា Huawei

07-12-2018 11:22am

ជប៉ុនៈ កាលពីថ្ងៃទី៧ ខែធ្នូ សារព័ត៌មាន Yomiuri របស់ជប៉ុន បានផ្សាយថា ជប៉ុន នឹងចេញច្បាប់ហាមប្រាមស្ថាប័នរដ្ឋាភិបាលប្រទេសនេះ ទិញឧបករណ៍ទូរគមនាគមន៍ពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង ZTE របស់ចិន ដោយព្រួយបារម្ភពីការបែកធា្លយព័ត៌មានចារកម្ម និងការវាយប្រហារតាមបណ្តាញ។

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋាភិបាលជប៉ុន នឹងអនុវត្តច្បាប់ផ្ទៃក្នុងហាមទិញសម្ភារៈទូរគមនាគមន៍ ចាប់ពីថ្ងៃទី១០ ខែធ្នូខាងមុខ។ បើទោះបីមិនបញ្ជា​ក់ឈ្មោះក្រុមហ៊ុនណា ដែលបានហាមប្រាម​ទិញសម្ភារៈ តែមន្ត្រីរដ្ឋាភិបាលជប៉ុន បានបញ្ជា​ក់ថា ប្រាកដជាក្រុមហ៊ុនទាំងពីរ Huawei និង ZTE នៅក្នុងបញ្ចីហាមទិញសម្ភារៈដោយខា្លចចារកម្ម។

មូលហេតុដោយសារតែក្រុមចារកម្មអាមេរិក សង្ស័យថា ក្រុមហ៊ុន Huawei មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ហើយសម្ភារៈទូរគមនាគមន៍ផលិតដោយ Huawei មាន «ទ្វារក្រោយ» ក្នុងគោលដៅបម្រើចារកម្ម។ ប៉ុន្តែអាមេរិក មិនបានបង្ហាញពីភស្តុតាងណាមួយ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនោះឡើយ។ ចំណែកក្រុមហ៊ុន Hourwei ក៏បានច្រានចោលការចោទប្រកាន់ទាំងនោះផងដែរ។

ជាមួយគ្នានោះ ប្រទេសអូស្ត្រាលី និងញ៉ូវហ្សឺឡែន បានរារាំងក្រុមហ៊ុន Huawei បង្កើតបណ្តាញ 5G។ កាលពីថ្ងៃទី៥ ខែធ្នូ ក្រុមហ៊ុន BT របស់អង់គ្លេស ក៏បានប្រកាសលុបឧបករណ៍របស់ក្រុមហ៊ុន Huawei ចេញពីបណ្តាញសេវា 3G, 4G នាពេលនេះ។ ក្រៅពីនេះ អង់គ្លេស ក៏បានសម្រេចមិន​ឲ្យក្រុមហ៊ុន Huawei ចូលរួមនៅក្នុងសកម្មភាពបណ្តាញចល័តនៅក្នុងប្រទេសនេះឡើយ៕