OPEC នឹងប្រឈមការបែកបាក់ បើអ៊ីរ៉ាក់ បន្តចាកចេញពីអង្គការនេះ

07-12-2018 10:28am

អ៊ីរ៉ាក់ៈ អង្គការ OPEC មានគម្រោងកាត់បន្ថយការផលិតប្រេង ដើម្បីរក្សាតម្លៃប្រេងខ្ពស់ បានធ្វើឲ្យប្រទេសមួយចំនួន ជាសមាជិករងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែសេដ្ឋកិច្ចប្រទេសទាំងនោះ អាស្រ័យស្ទើរតែតាំងស្រុងទៅលើវិស័យប្រេង។ ទាំងនោះហើយ ប្រទេសអ៊ីរ៉ាក់ កំពុងតែពិចារណាដើរតាមកាតា ចាកចេញពី OPEC។

លោក Michael Cohen ប្រធានក្រុមស្រាវជ្រាវទីផ្សារថាមពលពិភពលោក បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNBC ថា អ៊ីរ៉ាក់ អាចនឹងដើរតាមគន្លងរបស់កាតា បំផ្លាញកិច្ចព្រមព្រៀងរបស់អង្គការ OPEC ។

លោក Michael Cohen បានបញ្ជាក់ថា «ខ្ញុំគិតថា ប្រទេសជាសមាជិក OPEC មួយចំនួនទៀត អាចនឹងចាកចេញពីអង្គការនេះ ដោយសារតែច្បាប់តឹងតែងខ្លាំងពេក នៅក្នុងការកាត់បន្ថយការផលិតប្រេង ហើយក្នុងចំណោមប្រទេសសមាជិកអ៊ីរ៉ាក់ អាចនឹងដើរចេញ ក្រោយមើលឃើញថា មិនមានផលប្រយោជន៍អ្វីទាល់តែសោះ ពេលនៅជាសមាជិក OPEC»

នៅក្នុងអង្គការ OPEC មានប្រទេសជាសមាជិក១៥ប្រទេស ហើយអ៊ីរ៉ាក់ ជាប្រទេសឈរលំដាប់ទីពីរ បន្ទាប់ពី អារ៉ាប៊ី សាអ៊ូឌិត ពីចំនួនប្រេងនាំចេញទៅក្រៅប្រទេស។ អង្គការថាមពលអន្តរជាតិ បានប្រកាសថា មានជាង៩០ភាគរយ នៃប្រាក់ចំណូលរបស់អ៊ីរ៉ាក់ បានមកពីការលក់ប្រេង។ អ៊ីរ៉ាក់ ផលិតបានប្រេងរហូតដល់ទៅ៤,៧៦ពាន់លានបារ៉ែល ក្នុងមួយថ្ងៃ គឺជាចំនួនច្រើនជាងគេបង្អស់។

មន្ត្រីថាមពលប្រេងរបស់អ៊ីរ៉ាក់ លោក​ Thamir Ghadhban បានបញ្ជាក់ថា ការនាំចេញប្រេង គឺជាគោលដៅសំខាន់បំផុតរបស់ប្រទេស ដែលមានពលរដ្ឋ៣៨លាននាក់។ ជាមួយគ្នានេះ អ៊ីរ៉ាក់ មានគម្រោងផលិតប្រេងកើនឡើងរហូតដល់ទៅ៥លានបារ៉ែល ក្នុងមួយថ្ងៃ នាពេលខាងមុខ។

មន្ត្រីអ៊ីរ៉ាក់ ឲ្យដឹងថា ត្រូវការប្រាក់១០០ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោយការខូចខាតដោយសារសង្គ្រាម។ ថាមពលប្រេង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះអ៊ីរ៉ាក់ មិនអាចកាត់បន្ថយការផលិតតាមគោលនយោបាយរបស់ OPEC ឡើយ។ ដូច្នេះអ៊ីរ៉ាក់ អាចនឹងដើរតាមគន្លងរបស់កាតា ចាកចេញពីសមាជិក OPEC ដើម្បីផលិតប្រេងដោយសេរី៕