អ្នកនាំពាក្យបក្សកាន់អំណាចថា បក្សប្រឆាំង បែកបាក់ផ្ទៃក្នុងដោយខ្លួនឯង តែដើរចោទគេ

07-12-2018 9:57am

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យ បានអះអាងថា អតីតបក្សប្រឆាំង បែកបាក់ផ្ទៃក្នុងដោយខ្លួនឯង តែដើរចោទប្រកាន់គេបំបែក។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែធ្នូនេះថា ផ្ទៃក្នុងខ្លួនឯងមិនចុះសម្រុងគ្នា កុំបន្ទោសថា មកពីអ្នកដទៃបំបែកបំបាក់។ អតីតបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងដោយបង្ខំរវាងសារធាតុពីរ ដែលមិនស៊ីគ្នាតាំងពីដើមមក ប្រៀបបានដូចទឹក​ និងប្រេង ទោះបីដាក់ក្នុងដបតែមួយក្រឡុកឲ្យចូលគ្នា ក៏មិនអាចរលាយចូលគ្នាបានដែរ។ ដូច្នេះ​ហើយ បានជាតាំងពីកើតមកនាឆ្នាំ២០១២ សមាសធាតុទាំងពីរ នៅតែមានទំនាស់គ្នា ខ្វែងគំនិតគ្នាជាប់ជានិច្ច ទោះបីចៅហ្វាយធំនៅឯលិចមេឃខិតខំចាប់បញ្ចូលគ្នាយ៉ាងណាក្តី។

លោកបញ្ជាក់ថា «បញ្ហាសំខាន់ ការបែកបាក់មិនមែនបណ្តាលមកពីកត្តាខាងក្រៅទេ តែបណ្តាលមកពីកត្តាផ្ទៃក្នុងយ៉ាងច្បាស់ ជាក់ស្តែង គឺជនដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យជនស្នេហាជាតិក្លែងក្លាយនោះហើយ គឺជាអ្នកប្រើឧបាយកលដណ្តើមឥទ្ធិពលលើម្ខាងទៀតនោះ ហើយជាអ្នកបំបែកបំបាក់។ បើផ្ទៃក្នុងជាអ្នកបំបែក មិនអាចរកវិធីណាមកទប់ទល់មិនឲ្យបែកបានទេ»

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងថា ការបែកបាក់ផ្ទៃក្នុងរបស់អតីតបក្សប្រឆាំងនេះ វាជាសារជាតិដែលកើតចេញពីហ្សែន ដែលមានតាំងពីកំណើតមក។ ហេតុនេះ បើខ្លួនឯងមិនខ្មេះទេ ចូរកុំមកបន្ទោសលើអ្នកដទៃ។ ហើយអ្នកវិភាគអគតិលំអៀង កុំខិតខំបំភូន្តមតិសាធារណៈឲ្យសោះអត់ប្រយោជន៍ទេ។

លោក សុខ ឥសាន ក៏បានលើកឡើងថា អ្វីៗនៅកម្ពុជា មិនអាស្រ័យលើការនិយាយ ដោយអគតិរបស់អ្នកវិភាគមួយចំនួននោះទេ។ ដើម្បីបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ចំពោះសភាពការណ៍ ដែលកំពុងវិវត្តន៍នៅកម្ពុជា នាពេលនេះប្រព័ន្ធផ្សព្វផ្សាយបរទេសខ្លះ បាន និងកំពុងផ្សាយបំពុលសភាពការណ៍តាមរយៈការធ្វើសម្ភាសន៍ជាមួយអ្នកវិភាគមួយចំនួន ដែលមានចរិតលំអៀងនយោបាយ និងមានកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា តាមការនិយាយរបស់អ្នកវិភាគទាំងនេះ អ្វីៗនៅកម្ពុជា និងអ្វីៗ ដែលរាជរដ្ឋាភិបាល ដាក់ចេញនោះ សុទ្ធតែខ្មៅងងឹត និងជាល្បិចកលទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាល នឹងនៅតែដើរតាមគន្លងនៃផែនការការងារ ដែលបានកំណត់ស្របតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីឈានទៅសម្រេចជោគជ័យក្នុង ការពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងការបង្រួបបង្រួមជាតិ៕