បញ្ហារំសាយបរមាណូកូរ៉េខាងជើង នឹងដោះស្រាយបញ្ចប់ នៅជំនួបលើកទី២ រវាងលោក ត្រាំ និងលោក គីម

07-12-2018 9:00am

វ៉ាស៊ីនតោនៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងផ្តល់ឱកាសដល់កូរ៉េខាងជើង ដើម្បីអនុវត្តនូវការសន្យារំសាយអាវុធបរមាណូ តាមរយៈការរៀបចំជំនួបជាលើកទីពីរ ជាមួយមេដឹកនាំ គីម ជុងអ៊ុន នៅដើមឆ្នាំ២០១៩ ខាងមុខ។

សារព័ត៌មាន NPR បានស្រង់សម្តី លោក John Bolton មកបញ្ជាក់ថា “ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ផ្តល់ឱកាសដល់មេដឹកនាំកូរ៉េខាងជើង អនុវត្តតាមការសន្យារបស់ខ្លួន កាលពីជំនួបលើកទីមួយ នៅក្នុងប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមិថុនា។ ប្រធានាធិបតី ត្រាំ បានបើកទ្វារស្វាគមន៍ ដូច្នេះកូរ៉េខាងជើង ចាំបាច់ត្រូវតែឆ្លងចូលនៅទ្វារ ដែលបានបើកជំហរស្វាគមន៍កុំឲ្យហួសពេល។ នេះជាឱកាសដ៏ល្អសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន”។

កាលពីចុងសប្តាហ៍កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញក្តីសង្ឃឹមពីជំនួបជាមួយ គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ អ្នកឯកទេសបានវាយតម្លៃថា ជំនួបលើកទីពីរ អាចឈានដល់ការរំសាយអាវុធបរមាណូ។

នៅពេលនេះដែរ កូរ៉េខាងជើង បានខិតខំរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលអាចធ្វើឡើងនៅចុងខែធ្នូនេះ។ ទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង រួមទាំងអាមេរិក កាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ កន្លងមក លោក ត្រាំ បានប្រកាសថា នឹងបំពេញតាមគោលបំណងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមានបំណងចង់រំសាយអាវុធបរមាណូ ដោះដូរយកសន្តិភាព៕