លាក់ថ្នាំញៀនជាង២០កញ្ចប់ ឈរលក់​លើផ្លូវរថភ្លើង ប៉ូលិសដូនពេញ ចាប់វាយខ្នោះ

06-12-2018 4:59pm

ភ្នំពេញៈ ដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ឲ្យកម្លាំង​ជំនាញខណ្ឌប៉ុស្តិ៍ បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទីរសៀល ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរគ្រឿងញៀន ស្ថិតនៅចំណុចលើផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនមួយចំនួន។

ជនសង្ស័យឈ្មោះ សំរិត ផាន់ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២១កញ្ចប់តូច (ម្ភៃមួយកញ្ចប់តូច) និងសម្ភារច្រក ប្រើ​ប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕