រូបភាពថ្មីពីផ្កាយរណប បង្ហាញថា កូរ៉េខាងជើង នៅតែបន្តសកម្មភាពទីតាំងផលិតមីស៊ីលរបស់ខ្លួន

06-12-2018 4:19pm

កូរ៉េខាងជើងៈ រូបភាពថ្មីពីផ្កាយរណបទទួលបានពី CNN បានបង្ហាញថា កូរ៉េខាងជើង បានពង្រីកមូលដ្ឋានផលិតមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ស្ថិតនៅក្នុងភ្នំ ដែលនេះជាសញ្ញាផ្តល់ជូនមួយថា កិច្ចពិភាក្សាការទូតជាមួយសហរដ្ឋអាមេរិក សម្រេចបានតិចតួចប៉ុណ្ណោះ ដើម្បីការពារលោក គីម ជុងអ៊ុន ពីផលិត និងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរមានស្រាប់ដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើកាំភ្លើងធំរបស់គាត់។

រូបភាពពីផ្កាយរណបនេះដែរ ផ្តល់ភស្តុតាងយ៉ាងច្បាស់ថា មូលដ្ឋានផលិតមីស៊ីលយ៉ុងចេដុង និងតំបន់ក្បែរៗនោះ នៅតែសកម្មដដែល ហើយថែមទាំងធ្វើឲ្យមានការជឿនលឿនទៀតផង ពោលគឺខុសប្លែកពីការសន្យារបស់ទីក្រុងវាស៊ីងតោន និងទីក្រុងព្យុងយ៉ាង ដើម្បីរំសាយអាវុធនុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ រយៈពេល៥ខែ ក្រោយជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំង២។

ខណៈដែលមូលដ្ឋានផលិតមីស៊ីលយ៉ុងចេដុង ត្រូវបានទីភ្នាក់ងារចារកិច្ចសហរដ្ឋអាមេរិក និងក្រុមអ្នកវិភាគដឹងថា មានជាយូរមកហើយនោះ ក្រុមអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury ស្ថិតនៅក្នុងទីក្រុងម៉ុនតេរី បាននិយាយប្រាប់ CNNថា រូបភាពទាំងនេះ បង្ហាញពីសំណង់នៅលើទីតាំងថ្មី ស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ​ប៉ុណ្ណោះពីទីតាំងចាស់ ដែលមិនត្រូវបានគេបញ្ជាក់ជាសាធារណៈកាលពីមុន៕