ចៅក្រមតុលាការ ចាប់ផ្ដើមស៊ើបសួរស្ត្រីពពោះជំនួស១១នាក់ បន្ទាប់ពីដោះលែង៣៣នាក់

06-12-2018 4:12pm

ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៨ បានបង្គាប់អោយអនុរក្សពន្ធនាគារព្រៃសបញ្ជូនស្ត្រីពពោះជំនួសចំនួន១១នាក់ មកសាលាដំបូងដើម្បីសាកសួរនៅក្នុងនីតិវិធីស៊ើបសួរ ក្រោយពីតុលាការបានឃុំខ្លួនពួកគេបាន២១ថ្ងៃមកហើយ។

ដោយឡែកបើតាមប្រភព័ត៌មានពីពន្ធនាគារ បានឲ្យ​ដឹងថា កាលពីថ្ងៃទី៥​ ធ្នូ ចៅក្រមស៊ើ​បសួរសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី អនុប្រធានតុលាការបានចេញដីកាសម្រេចអោយស្ត្រីពពោះជំនួសចំនួន៣៣នាក់នៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីស្ថិតក្នុងឃុំច្រើនខែកន្លងមកនេះ។ ប៉ុន្តែចំពោះស្ត្រីចំនួន១១នាក់ ដែលទើបឃុំខ្លួនមិនទាន់មានការសម្រេចបែបណាទេ ដោយតុលាការទើបតែចាប់ផ្ដើមស៊ើបសួរប៉ុណ្ណោះ។

កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរបានចេញដីកាឃុំស្ត្រីចំនួន១១នាក់ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះតាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា៣៣២នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង១១នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារកាលពី​ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៨។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាប់ចោទ៤នាក់ ពីបទសមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះតាមមាត្រា១៦នៃច្បាប់ ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩ និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ដែលមាន១.ឈ្មោះ ចេង សំអុល ភេទប្រុស ២.ឈ្មោះ អៀង ម៉ាន់ ភេទប្រុស ៣.ឈ្មោះ សុខ ឃឿន ភេទស្រី  និង៤.ឈ្មោះ ខៀវ វណ្ណា ភេទស្រី។

ជនជាប់ចោទទាំង១៥នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណី អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទ អន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ នៅចំណុចទីតាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនជាប់ចោទចំនួន១៥នាក់ ក្នុងនោះមាន អ្នកមើលការខុសត្រូវ(មេកាស្រី)ចំនួន២នាក់ អ្នករត់ម៉ូតូកង់បីប្រុសចំនួន២នាក់ ស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និង៣នាក់ទៀតរត់គេចខ្លួន។

វត្ថុតាងដកហូតរួមមាន ៖ លិខិតឆ្លងដែនចំនួន១ក្បាល ឯកសារពេទ្យមួយចំនួន ស៊ីរាំង និងថ្នាំពេទ្យ(ប្រើរួចនិងមិនទាន់ប្រើ)មួយចំនួន និងម៉ូតូកង់បីចំនួន២គ្រឿង ។

បើតាមសមត្ថកិច្ចព្រលយអោយដឹងថា មានជនសង្ស័យ៣នាក់ទៀតជាមេខ្លោងនៅក្នុងបទល្មើសពពោះជំនួសនេះបានរត់គេចខ្លួន ហើយពេលនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕