រុស្ស៊ី នឹងចាត់វិធានការតបត បើអាមេរិក ហ៊ានដកខ្លួនចេញពីសន្ធិសញ្ញាយោធា INF

06-12-2018 3:36pm

រុស្ស៊ីៈ នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ី នឹងមានគោលដៅមកលើប្រទេសជាច្រើន ជាកន្លែងដែលប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមសហរដ្ឋអាមេរិក ដាក់ពង្រាយ បើសិនជាសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ត្រូវបានជាចាត់ទុកជាមោឃៈហើយនោះ។

ថ្លែងទៅកាន់សន្និសីទកាសែតនៅឯក្រសួងការពារជាតិរុស្ស៊ី ស្ថិតក្នុងទីក្រុងម៉ូស្កូ លោក ហ្គេរ៉ាស៊ីម៉ូវ បាននិយាយថា ការបង្កើតយោធារបស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត បានបង្ខំឲ្យរុស្ស៊ី បង្កើនសក្តានុពលធ្វើសង្រ្គាមរបស់ខ្លួន ដើម្បីធានាបានសន្តិសុខរបស់ពួកគេ ខណៈពេលដែលរុស្ស៊ីបានកំណត់ថវិកាយោធារបស់ខ្លួនមកនៅត្រឹម៥០ពាន់លានដុល្លារក្នុង១ឆ្នាំ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពោលគឺទាបជាងច្រើននឹងថវិកាយោធារបស់សហរដ្ឋអាមេរិក។

លោក ហ្គេរ៉ាស៊ីម៉ូវ បានធ្វើការសង្កត់ធ្ងន់ថា អំណះអំណាងពីសហរដ្ឋអាមេរិកថា រុស្ស៊ីបានបំពានលើសន្ធិសញ្ញា INFនោះ គឺពួកគេកំពុងព្យាយាមបិទបាំងស្ថានភាពពិតប្រាកដប៉ុណ្ណោះ។

លោកបន្តថា ការពិតនោះគឺចាប់តាំងពីឆ្នាំ២០០០រហូតមក រុស្ស៊ី បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ពេលដែលសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិក ដោយសារតែវាត្រូវបានហាមប្រាមនៅក្នុងសន្ធិសញ្ញា។

លោកហ្គេវ៉ាស៊ីម៉ូវ បានបញ្ជាក់ទៀតថា ចំណែកឯប្រព័ន្ធបាញ់មីស៊ីល MK-41 ដែលបានដាក់ពង្រាយនៅក្នុងប្រទេសរ៉ូម៉ានី និងប៉ូឡូញ អាចប្រើប្រាស់ដើម្បីបាញ់មីស៊ីលរយៈចម្ងាយមធ្យមបាន ដែលវាបានបំពានដោយផ្ទាល់លើសន្ធិសញ្ញា INF៕