ចុះឃាត់ទាំងយប់ គ្រឿងចក្រ និងរថយន្តបែនដឹកដី កំពុងធ្វើសកម្មភាពឈូសឆាយចាក់លុបអូរកំបុត នៅស្រុកព្រៃនប់

06-12-2018 12:24pm

ព្រះសីហនុៈ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ ឲ្យដឹងថា គ្រឿងចក្រ និងរថយន្តបែនដឹកដីមួយចំនួន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះឃាត់ទាំងយប់ គឺកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលដែលម្ចាស់គ្រឿងចក្រ និងរថយន្តទាំងនោះ កំពុងធ្វើសកម្មភាពឈូសឆាយចាក់លុបអូរកំបុត នៅចំណុចស្ពានអូរកំបុត ស្ថិតក្នុងភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអភិបាលស្រុក ថ្លែងបន្តថា នេះជាការបង្ក្រាបការឈូសឆាយទន្ទ្រានដីធ្លីសាធារណៈខុសច្បាប់ តាមផែនការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានយកដីជាកម្មសិទ្ធិខុសច្បាប់។ ករណីនេះ រដ្ឋបាលស្រុក កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។

នេះជាប្រត្តិបត្តការក្តៅមួយមិនធ្លាប់មានពីមុនមក សម្រាប់រដ្ឋបាលស្រុក ក្នុងការបង្ក្រាបការឈូសឆាយទន្ទ្រានដី សាធារណៈ ស្របពេលសកម្មភាពនេះ កំពុងត្រូវបានបុគ្គលមួយចំនួនលួចឆ្មក់ ដើម្បីទន្ទ្រានយកដីអូរ មកជាកម្មសិទ្ធិ។

សកម្មភាពលួចចាក់នេះ បើមិនតាមដានអោយបានហ្មត់ចត់ទេ ច្បាស់ជាអូរ ខាងលើនេះ ត្រូវបានជនខិលខូតទាំងនោះ ចាក់លុបបំពេញ តម្រូវការនៃចិត្តលោភលន់របស់ខ្លួនបាត់ទៅហើយ៕