ជើងឯកព្រឹត្តិការណ៍ប្រណាំងរថយន្ត KHMER RALLY RAID2018 ប្តេជ្ញារក្សាតំណែងជើងឯក នៅឆ្នាំក្រោយ

06-12-2018 10:58am

ភ្នំពេញៈ កីឡាករ សំទិត្យ មិនា និងកីឡាករ សេក ច័ន្ទដារ៉ា បន្ទាប់ពីប្រជែងបានជើងឯកព្រឹត្តិការណ៍ប្រណាំងរថយន្តKHMER RALLY RAID2018 ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ ពួកគេប្តេជ្ញាថា និងរួមដៃគ្នាជាថ្មីការពារតំណែងជើងឯកនៅឆ្នាំ២០១៩។

ក្រោយរួមសហការគ្នាធ្វើបានយ៉ាងល្អរហូតឈានទៅដណ្តើមបានជ័យលាភី ជើងឯក ព្រឹត្តិការណ៍ប្រណាំងរថយន្ត KHMER RALLY RAID2018 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ កីឡាករ សំ ទិត្យមិនា អ្នកបើកបរ និងជំនួយការអ្នកបើកបរកីឡាករ សេក ច័ន្ទដារ៉ា បានប្តេជ្ញាចិត្តថា ពួកគេ និងរួមសហការគ្នាជាថ្មីប្រជែងតំណែងជើងឯកអោយបាននៅឆ្នាំ២០១៩ឆ្នាំក្រោយ ដើម្បីរក្សាការពារបាននូវតំណែងជើងឯកឆ្នាំ២០១៨។

កីឡាកររថយន្តទាំងពីររូបនេះ បានពន្យល់ទៀតថា កត្តារួមផ្សំអោយពួកគេទាំងពីរអាចប្រកួតប្រជែងបានជ័យលាភីចំណាត់ថ្នាក់លេខ១ ពីការប្រកួតកម្រឹតអន្តរជាតិដែលរៀបចំដោយក្រុម KARA កម្ពុជា គឺដោយសាពួកគេបានរួមចិត្តជាធ្លង់តែមួយមុះមុតទៅមុខដោយមិនរាថយ ទោះបីត្រូវជួបឧបសគ្គផ្លូវលំបាក និងសៀវផែនទីបង្ហាញផ្លូវមានសភាពស្មុគស្មាញក្តី។

កីឡាករទាំងពីរក៍បានថ្លែងអំណរគុណផងដែរ ដល់អ្នកឧបត្ថម្ភដែលបានជួយជ្រុំជ្រែងក្នុងការឧបត្ថម្ភផ្តល់ឱកាសអោយពួកបានចូលរួមប្រកួតប្រជែងវាស់ស្ទង់សមត្ថភាព ដើម្បីពង្រឹងបច្ចេកទេសឈានជើងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិធំ នៅពេលខាងមុខតំណាងឲ្យប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តKHMER RALLY RAID2018ដែលប្រកួតឆ្លងកាត់ខេត្តចំនួន៣ មានកំពង់ស្ពឺ ព្រះសីហនុ និងកំពតគឺជាការប្រកួតមួយដែលយកលំនាំស្តង់ដាការប្រកួតRALLYកម្រឹតទ្វីបអាស៊ីមកអនុវត្ត ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសដល់អត្តពលិកកីឡាយានយន្តកម្ពុជា៕