ក្រុមហ៊ុនជេតគ្រុប គ្រោងចាយជាង៥ម៉ឺនដុល្លារ ទ្រទ្រង់ដល់ការរៀបចំប្រដាល់គុនខ្មែរ និង​សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

06-12-2018 7:42am

ភ្នំពេញៈ អគ្គនាយក្រុមហ៊ុនជេតគ្រុប ប្រកាសថា នឹងចាយថវិកាប្រមាណ៥ម៉ឺនដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ដល់ការរៀបចំប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នៅលើទឹកដីខ្លួន។

លោក ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុនជេតគ្រុប បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នារសៀលថ្ងៃទី៥ ខែធ្នូ ម្សិលមិញថា ក្រុមហ៊ុនជេតគ្រុប គ្រោងចំណាយថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ក្នុងការទ្រទ្រង់លើការរៀបចំរយៈពេល៦ថ្ងៃ​ នៅលើទឹកដីតំបន់អភិវឌ្ឍន៍7NG ដែលការចំណាយនោះមានដូចជា ទីតាំងប្រកួត សន្តិសុខការពារសុវត្ថិភាពដល់កីឡាករ-ការិនី និងប្រតិភូអំឡុងពេលប្រកួត ផ្គត់ផ្គង់លើការហូបចុកស្នាក់នៅរបស់កីឡាករព្រមជាមួយប្រតិភូ និងទឹកភ្លើងជាដើម។

លោក ឧកញ៉ាបន្ថែមទៀតថា ការដែលជេតគ្រុបចូលខ្លួនមកឧបត្ថម្ភដល់ព្រឹត្តិការណ៍មួយនេះជាបន្តបន្ទាប់ ក៏ព្រោះតែក្រុមហ៊ុនចង់រួមចំណែកជួយលើកស្ទួយវិស័យកីឡាប្រដាល់របស់កម្ពុជា ដើម្បីចម្រាញ់​ជ្រើសរើសកីឡាករ-ការិនីល្អៗ ដែលមានសមត្ថភាពឆ្ពោះទៅរកការប្រកួតប្រជែងដណ្តើមមេដាយជូនប្រទេសកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងអោយសហព័ន្ធទាំង២បានសម្តែងនូវការថ្លែងអំណរគុណដល់ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតគ្រុបដែលបានចូលរួមឧបត្ថម្ភដល់ការហូបចុកស្នាក់នៅរបស់កីឡាករ-ការិនីអំឡុងពេលប្រកួត។លោកបានចាត់ទុកការចូលរួមចំណែកដ៏ធំនេះ និងរួមចំណែកជំរុញអភិវឌ្ឍន៍វិស័យកីឡាប្រដាល់របស់កម្ពុជាកាន់តែមានសក្តានុពលឆ្ពោះទៅរកការប្រកួតប្រជែងដោយគុណភាព។ហើយការជួយជ្រោម​ជ្រែងនេះ វាបានជួយដល់សហព័ន្ធក្នុងការចម្រាញ់​រកធនធាន ដែលមានទេពកោសល្យត្រៀមប្រកួតលើឆាកអន្តរជាតិនាំយកមេដាយមកជូនកម្ពុជានៅពេលខាងមុខជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នឹងចាប់ផ្តើមប្រកួតផ្លូវការនៅថ្ងៃទី១២ បញ្ចប់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះសម្រាប់ប្រដាល់គុនខ្មែរប្រតិភូចូលរួមមានមកពី១៤រាជធានី/ខេត្ត និងបណ្តាក្រសួងមួយចំនួនសរុបកីឡាករ-ការិនីចំនួន៩៦នាក់។ រីឯប្រដាល់សកលមានកីឡាករ-ការិនីចូលរួមសរុបចំនួន៦០នាក់។ សម្រាប់ប្រភេទទម្ងន់ប្រកួតរបស់កីឡាករ-ការិនីប្រដាល់គុនខ្មែរ និងប្រដាល់សកលមានចាប់ពីទម្ងន់៤៥ដល់៧១គីឡូក្រាម៕