ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ លើការប្រកួតកីឡាវូស៊ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

05-12-2018 9:00pm

ភ្នំពេញៈ ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅវិមានកីឡដ្ឋានជាតិ បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបាន ម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់ ដោយក្រសួងមហាផ្ទៃ បានឈរនៅចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយមាសច្រើនជាងគេ ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាវូស៊ី ជើងឯកថ្នាក់ជាតិ ឆ្នាំនេះស្រូបបានកីឡាករ ១០៣នាក់ និងកីឡាការិនី ៨៦នាក់ សរុប ១៨៩នាក់ មកពី១៦ក្លឹប ដែលស្ថិតនៅរាជធានីភ្នំពេញទាំងអស់។ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ នោះ លោកអគ្គលេខាធិការរូបនេះបានបង្ហាញឲ្យឃើញនូវគុណភាពកីឡាករ កីឡាការិនីមានកម្រិតបច្ចេកទេស កាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ក្នុងចំណោមក្លឹបកីឡា វូស៊ូដែលចូលរួមទាំង១៦នោះ គឺចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបក្រសួងមហាផ្ទៃ ដោយដណ្តើមបានមេដាយសរុបចំនួន៣៣ ក្នុងនោះមេដាយមាស១៤ ប្រាក់៧ និងសំរឹទ្ធ១២ ខណៈចំណាត់ថ្នាក់លេខ២ ក្លឹបវិទ្យាល័យបាក់ទូក ឈ្នះមេដាយសរុប១៣ ក្នុងនោះមេដាសមាស ៨ និងសំរឹទ្ធ៥ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបសាលា ទួនហ្វា មេដាយសរុប១៤ ក្នុងនោះមេដាយមាស២ ប្រាក់៨ និងសំរឹទ្ធ៤ ។

លោក មិល កាដូ អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា ឆ្នាំនេះ ជើងឯកជាតិកីឡា វូស៊ូទាក់ទាញបានការគាំទ្រកាន់តែខ្លាំងក្លា ដែលនេះ គឺជាវឌ្ឍនភាពថ្មីមួយក្នុងដំណើរ ការអភិវឌ្ឍវិស័យកីឡា វូស៊ូ នៅកម្ពុជាកាន់តែល្អប្រសើរ។ លោកលើកឡើងទៀតថា ការប្រកួតនេះ ថ្វីត្បិតតែមាន រយៈពេលខ្លី ប៉ុន្តែឆ្លងកាត់តាមការខិតខំរបស់មន្ត្រីគណៈកម្មការ ក្លឹប ក៏ដូចជាកីឡាករ កីឡាការិនីបានធ្វើឲ្យព្រឹត្តិ ការណ៍មួយនេះទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ៕