បនល្បែងតាមអ៊ិនធើណេត២៤ម៉ោង ដុះរីកដូចផ្សិតក្នុងខណ្ឌដូនពេញ តែចៅហ្វាយខណ្ឌ សុខ ពេញវុធ មិនខ្ចីអើពើបង្ក្រាបសោះ

05-12-2018 7:57pm

ភ្នំពេញៈ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ស្រះចក ក៏ដូចក្នុងសង្កាត់ផ្សេងៗទៀត ក្នុងខណ្ឌដូនពេញ បានរិះគន់ទៅលើលោក សុខ ពេញវុធ ថា មិនយកចិត្តទុកដាក់ និងមិនចុះបង្គ្រាបល្បែងហ្គេមភ្នាល់បាល់តាមអ៊ីនធើណេតទាល់តែសោះ ឬមួយកន្លែងទាំងនេះ មានការបង់ខែឬយ៉ាងណា បានមិនហ៊ានបង្ក្រាប?

ប្រជាពលរដ្ឋ បាននិយាយថា កន្លងមក ពួកគាត់រស់នៅទាំងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាព ការរស់នោះហើយកន្លងមកទៀត បទល្មើសឆក់ និងប្លន់ ច្រើនតែកើតចេញពីល្បែងអស់ទាំងនេះ មួយយប់ៗ សុទ្ធសឹងតែក្មេងស្ទាវចេញចូលឥតឈប់ឈរទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋមានការរស់នៅទាំងភ័យខ្លាច ហើយប្រជាពលរដ្ឋសួរថា​ តើឯណាទៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច?

កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យខណ្ឌទាំង១២ និងអាជ្ញាធរទាំង១២ខណ្ឌ ចុះបង្គ្រាបល្បែងសុីសង់ និងល្បែងភ្នាល់បាល់តាមអ៊ីនធើណេត និងល្បែងកត់កន្ទុយលេខ ក៏ដូចជាល្បែងផ្សេងៗទៀត មិនឲ្យមានកើតក្នុងមូលដ្ឋានឡើយ ផ្ទុយទៅវិញខណ្ឌដូនពេញ ណេត24ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និងកន្ទុយលេខយួន កើតដូចផ្សិត ប៉ុន្តែលោកអភិបាលខណ្ឌ លោកសុខ ពេញវុធ ហាក់មិនហ៊ានបង្គ្រាបសោះ រក្សាទុកបនល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ ផ្ទុយពីបទបញ្ជារបស់អភិបាលរាជធានី ក៏ដូចបទបញ្ជារបស់​សម្តេចក្រឡាហោម ស ខេង។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានក្នុងខណ្ឌដូនពេញ បានសំណូមពរដល់លោកអភិបាលរាជធានីភ្នំពេញ មេត្តាក្រឡេកមើលភាពអសកម្មមន្ត្រីក្រោមឱវាទផង។ មន្ត្រីក្រោមឱវាទមួយចំនួនតួច ហាក់ដូចកន្ទេលធំបន្លំដេកប៉ុណ្ណោះ ដែលហាក់មិនយកចិត្តទុកដាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពឡើយ៕