អ៊ីរ៉ង់ ៖ OPEC មានបញ្ហាជាមួយប្រទេសផលិតប្រេង ហើយត្រូវពិនិត្យហេតុផល នៃការចាកចេញរបស់កាតា

05-12-2018 4:41pm

អ៊ីរ៉ង់ៈ ទីភ្នាក់ងារព័ត៌មានសាធារណរដ្ឋអ៊ីស្លាម (IRNA) បានរាយការណ៍សម្តីរដ្ឋមន្រ្តីប្រេងអ៊ីរ៉ង់ លោក ប៊ីចាន ហ្សានហ្គាណេ នៅថ្ងៃពុធនេះថា អង្គការបណ្តាប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC មានបញ្ហាជាមួយប្រទេសផលិតប្រេងមួយចំនួន ហើយហេតុផលសម្រាប់ការចាកចេញរបស់ប្រទេសកាតា ពីអង្គការមួយនេះ ត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់។

ប្រទេសកាតា បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងលាឈប់ពីអង្គការ OPEC ដើម្បីផ្តោតសំខាន់លើវិស័យឧស្ម័ន គឺជាការវាយប្រហារមួយមកលើ អារ៉ាប៊ី សាអូឌីត គឺជាមេដឹកនាំតាមព្រឹទ្ធន័យរបស់ក្រុមបណ្តាប្រទេសនាំចេញប្រេង ដែលកំពុងព្យាយាមបង្ហាញការបង្រួបបង្រួមគ្នា ក្នុងការដោះស្រាយការធ្លាក់ចុះនៃតម្លៃប្រេង។

លោក ហ្សានហ្គាណេ បាននិយាយថា ការពិនិត្យមើលហេតុផលសម្រាប់ការចាកចេញរបស់កាតា ពីអង្គការ OPEC គឺចាំបាច់ខ្លាំងណាស់។ លោកថា អង្គការ OPEC មាននូវបញ្ហាធំពីបណ្តាប្រទេសផលិតប្រេង ដែលកាតា មិនបានរួមចំណែកនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សានហ្គាណេ មិនបានបរិយាយឲ្យបានល្អិតល្អន់នោះទេ ប៉ុន្តែលោកទំនងជាចង់បញ្ជាក់ថា ប្រទេសកាតា មិនមែនស្ថិតនៅក្នុងចំណោមប្រទេសផលិតប្រេង មានបញ្ហានៅក្នុងអង្គការ OPEC នោះទេ៕