AS Monaco ឡើងផុតពីតំបន់គ្រោះថ្នាក់ Ligue 1 ក្រោយឈ្នះ Amiens ២-០

05-12-2018 3:53pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ កីឡាករសញ្ជាតិកូឡុំប៊ី Radamel Falcao រកបាន២គ្រាប់ ពីការស៊ុតបាល់ប៉េណាល់ទី ពេលដែលក្រុម Monaco របស់លោក Thierry Henry រកបានជ័យជំនះ២-០ លើក្រុម Amiens ដើម្បីឡើងផុតពីក្រុមបាតតារាងទាំង៣ នៅក្របខ័ណ្ឌ Ligue 1 របស់បារាំង។

កីឡាករ Falcao បានខកខានបាល់ប៉េណាល់ទី២លើកក្នុងរដូវកាលនេះ ប៉ុន្តែគាត់ពេនមួយជើងបានសម្រេចនៅនាទី៤៣ នៅក្នុងទឹកដី Stade de la Licorne ក្រោយកីឡាករ Emil Krafth បង្កកំហុសមកលើកីឡាករ Benoit Badiashile។

ខ្សែការពារ Bakaye Dibassy របស់ក្រុម Amiens ត្រូវបានបណ្តេញចេញពីការប្រកួត សម្រាប់ការចាប់ប្រធានក្រុម Monaco នៅនាទី៩០ ហើយកីឡាករ Falcao មានភារៈចុងក្រោយក្នុងការសម្រេចបានជ័យជំនះជាលើកទី២ពី៣ប្រកួតចុងក្រោយ ជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីបានសម្រេចនៅម៉ោងបញ្ចប់ការប្រកួត។

លោក Henry ដែលជាអតីតកីឡាករបស់ក្លិប Arsenal បាននិយាយថា លោកមិនទាន់ពេញចិត្តខ្លាំងណាស់ទេ នឹងជ័យជំនះមួយនេះ៕