លោក ម៉ៅ តារា មេប៉ូលិសខេត្តស្ទឹងត្រែង ប្រាកដជាឈឺក្បាលទៀតហើយ រឿងកូនចៅក្រោមឱវាទម្នាក់ បាញ់បោះសេរី

05-12-2018 2:30pm

ស្ទឹងត្រែងៈ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ កាលពល្ងាចថ្ងៃអង្គារម្សិលមិញនេះ ខណៈប៉ូលិ​សគ្រឿងញៀនម្នាក់ ឈ្មោះ រឿន ផល្លា ដកកាំភ្លើងខ្លីម៉ាក K54 បាញ់ចំនួន២គ្រាប់ ទៅលើរថយន្តសាំយុងដឹកគ្រឿងទ្វារបង្អួចមួយគ្រឿង ដែលធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ចូលដល់ដីខេត្តក្រចេះ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរកណ្ដៀរថ្មី ឃុំ​អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តសាំយ៉ុងចំនួន២គ្រឿង ព្រមទាំងមានរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ស បើក​តាមពីក្រោយប្រកៀកប្រកិតៗគ្នា ដោយមានការដេញវ៉ាជែងគ្នា រហូតមកដល់ចំណុចអូរកណ្តៀរ ក៏ស្រាប់តែឮសំឡេ​ងផ្ទុះអាវុធចំនួន២គ្រាប់ បណ្ដាលឲ្យរថយន្តសាំយ៉ុង១គ្រឿង ដែលបើកខាងមុខបែកកង់ក្រោយ ផ្នែកខាងស្ដាំ ប៉ុន្តែគ្រានោះ រថយន្តសាំយ៉ុងនៅតែបន្តដំណើរ​ទៅមុខរហូតបានចម្ងាយ​ប្រមាណ៥០០ម៉ែត្រ​ ទាល់តែសំបកកង់របូតចេញពីយ៉ាន់ ទៅមុខលែងរួច ទើបឈប់ ចំណែករថយន្តសាំយ៉ុង​១គ្រឿងទៀត បើក​រត់រួចបាត់​។

ក្រោយហេតុការណ៍គេឃើញកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង និងអាវុធហត្ថខេត្តក្រចេះ ព្រមទាំងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏​បានមកដល់ចំណុចកើតហេតុខាងលើ ព្រមទាំងមានការចម្រូងចម្រាស់គ្នាបន្តិចបន្តួចរវាងប៉ូលិស និងអាវុធហត្ថផងដែរ។

លុះមួយស្របក់ក្រោយមក អាវុធហត្ថបម្រុងនឹងឃាត់ខ្លួនឈ្មោះ រឿន ផល្លា ដែលជាប៉ូលិសគ្រឿងញៀន ប៉ុន្តែគ្រានោះស្រាប់តែ ឈ្មោះ រឿន ផល្លា បានដាក់មេប្រូចរត់គេចខ្លួនចូលព្រៃបាត់ស្រមោលចោលរថយន្តរបស់ខ្លួនតែម្ដង។ ចំណែករថយន្តសាំយ៉ុង ដែលដឹកទ្វារបង្អួចនោះ សមត្ថកិច្ចក៏មិនបានឃាត់ទុកដែរ៕