កូរ៉ូឡា ថើប​គូទ​កុងតឺន័រ ខ្ទេចមួយកាត់​មុខ ម្ចាស់រថយន្តចេញមក​សម្ដែងក្បាច់គុនយ៉ាងសង្ហារ

05-12-2018 1:36pm

ព្រះសីហនុៈ រថយន្តកូរ៉ូឡា បើកបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកូរ៉ូឡាខូចខាតមួយកំណាត់មុខ តែអ្វីដែលចម្លែកនោះ ក្រោយកើតហេតុភ្លាម ស្រាប់តែអ្នកបើកបរ​រថយន្តកូរ៉ូឡា បើកទ្វាររថយន្តចេញមក​ក្រៅ ហើយបញ្ចេញក្បាច់គុនយ៉ាងសង្ហារ ធ្វើដូចអត់ដឹងរឿងសោះ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៤ ត្រង់ចំណុ​ចមុខសាលាវិទ្យាល័យហ៊ុន សែន ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីនដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ៣A-២៧០៩ ធ្វើដំណើរ​ទិសដៅពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិរោងគោ ឃុំរោងគោ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រាប់​តែ​មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក កូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២J-១២៩៩ បានបើកមក​បុកពីក្រោយពេញទំហឹង បណ្តាលឲ្យ​អ្នកបើកបររថយន្តកូរ៉ូឡាឈ្មោះ ដារ៉ា ភេទប្រុស រស់នៅខេត្តព្រះសីហនុ (សតិមិនល្អ) រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ មម ហ៊ួយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តកំពត រងរបួសស្រាលដូចគ្នា។

ក្រោយកើតហេតុរថយន្តហ៊ិនដាយ បានបើកគេចរហូតមកដល់ភូមិសំរុងកណ្តាល ឃុំសំរុងស្រុកព្រៃនប់ ទើប​ត្រូវបានកម្លាំងកម្លាំងកងរាជអាវុធ​ស្រុក ធ្វើការឃាត់បានទាំងរថយន្ត និងអ្នកបើកបរ រួចក៏​ប្រគល់ជូនកម្លាំងនគរបាល ស្រុកព្រៃនប់ អនុវត្តន៍បន្ត។

ក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍ខាងលើនេះ អ្វីដែលចម្លែកនោះ គឺអ្នកបើកបររថយន្តកូរ៉ូឡា ដែលមានសតិមិនសូវល្អនោះ ក្រោយកើតហេតុភ្លាម បានចេញរថយន្តរបស់ខ្លួន បញ្ចេញក្បាច់គុនធ្វើមិនដឹង ដូចគ្មានរឿងអ្វីកើតឡើងសោះ​ ធ្វើឲ្យអ្នកចោមរោមគ្រោះថ្នាក់ចរាចរណ៍នោះភ្ញាក់ផ្អើលគ្រប់គ្នា៕