វាយខ្នោះចិន៧នាក់ ដកហូតកាំភ្លើង និងវត្ថុតាងច្រើន ករណីជំរិតទារប្រាក់ និងធ្វើទារុណកម្ម លើជនជាតិចិនដូចគ្នា ក្នុងទឹកដីខេត្តព្រះសីហនុ

05-12-2018 11:52am

ព្រះសីហនុៈ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្រ្កាបករណីជំរិតទារប្រាក់លើជនជាតិចិនដូចគ្នា បានចំនួន៩នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោងជាង១រសៀល នៅចំណុចក្រុមទី៤២ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ ឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់ខ្លួនជនជាតិចិន ចំនួន៧នាក់ និងរំដោះបានជនរងគ្រោះចំនួន២នាក់ ដែលជាជនជាតិចិនដូចគ្នា ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន រួមមាន អាវុធខ្លីម៉ាក K59 ចំនួន១ដើម, គ្រាប់ចំនួន៤គ្រាប់, បង់ចំនួន២, ទូរស័ព្ទចំនួន៨គ្រឿង, ខ្នោះដែកចំនួន១គូ, ដំបងជ័រ(គ្រលាស់ចេញដែក)ចំនួន២ និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធីច្បាប់៕